FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ (Video inside)

24-10-2026 13:46

(បាងកក)៖ អ្នកបង្កើតមាតិកាលើបណ្តាញ Youtube ជនជាតិអាមេរិក ឈ្មោះ Chris Barnes បាននិយាយថា រូបលោកបានរងការប្រើអំពើហិង្សា និងប្លន់នៅខាងក្រៅបារ​មួយកន្លែង ក្នុងទីក្រុង Pattaya នៃប្រទេសថៃ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

នៅក្នុងវីដេអូមួយ ដែលបានបង្ហោះកាលពីថ្ងៃទី២០ ខែតុលា លោក Barnes បានអះអាងថា លោកបានទៅបារនោះ ដើម្បីជួបមនុស្សម្នាក់ ហើយបានយកកាមេរ៉ា និងកាបូបតាមខ្លួន។ លោកបាននិយាយថា បុរសម្នាក់ដែលលោកស្គាល់ បានបបួលលោកចេញទៅខាងក្រៅ ដើម្បីជជែកគ្នា ប៉ុន្តែស្រាប់តែមានបុរសម្នាក់ទៀត កំពុងរង់ចាំនៅទីនោះ។

វីដេអូហាក់បង្ហាញឱ្យឃើញថា លោក Barnes ត្រូវគេវាយនិងធាក់ ខណៈលោកដេកដួលនៅលើដី។ ចំណែកឯវីដេអូពីកាមេរ៉ាសុវត្ថិភាពមួយផ្សេងទៀត នៅក្នុងវីដេអូដដែល បង្ហាញឱ្យឃើញបុរសម្នាក់ នៅរង់ចាំពីក្រោយរថយន្តមួយគ្រឿង មុនពេលដើរចូលទៅជិតលោក Barnes។ លោក Barnes បាននិយាយថា ប៉ូលិសបានទទួលវីដេអូទាំងនេះរួចហើយ។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់ Youtuber ជនជាតិអាមេរិក អាយុ៣៧ឆ្នាំរូបនេះ កាបូបរបស់លោកត្រូវបានបុរសទាំង២នោះ ប្លន់យកទៅ រួមជាមួយសាច់ប្រាក់ កាតឥណទាន កាមេរ៉ា និងលិខិតឆ្លងដែន។ លោក Barnes បានឱ្យដឹងថា លោកបានរាយការណ៍អំពីហេតុការណ៍នេះ ទៅកាន់ប៉ុស្តិ៍ប៉ូលិសក្រុង Pattaya។ ទន្ទឹមគ្នា លោកក៏បានរៀបរាប់អំពីផលលំបាកផ្នែកហិរញ្ញវត្ថុ ដែលលោកកំពុងជួបប្រទះផងដែរ បន្ទាប់ពីការបាត់បង់ទ្រព្យសម្បត្តិទាំងនេះ ហើយបានស្នើសុំការគាំទ្រ ពីអ្នកតាមដានរបស់លោកនៅលើបណ្ដាញសង្គម៕