អ៉ីរ៉ង់រៀបផែនការវាយប្រហារខ្សែកាបក្រោមបាតសមុទ្រ ប្រសិនបើសង្គ្រាមផ្ទុះឡើងវិញ (Video inside)
24-10-2026 11:51
(តេហេរ៉ង់)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៉ីរ៉ង់ពីររូប បានបង្ហើបឱ្យដឹងថា ទីក្រុងតេហេរ៉ង់បានរៀបចំផែនការលម្អិត ដើម្បីកំណត់គោលដៅវាយប្រហារ ខ្សែកាបទំនាក់ទំនងក្រោមបាតសមុទ្រ នៅតំបន់ឈូងសមុទ្រអារ៉ាប់ ប្រសិនបើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារប្រទេសអ៉ីរ៉ង់សាជាថ្មី។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦។
ការលើកឡើងនេះ គឺបន្ទាប់ពីមន្ត្រីអ៉ីរ៉ង់បានព្រមានថា ខ្សែកាបក្រោមបាតសមុទ្រនៅក្នុងតំបន់ អាចក្លាយជាគោលដៅវាយប្រហារ ប្រសិនបើជម្លោះផ្ទុះឡើងវិញ ដោយសារកិច្ចប្រឹងប្រែងទូតជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យទាំងស្រុង។ មន្ត្រីសន្តិសុខអ៉ីរ៉ង់ទាំងពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ និងមិនបានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នឹងធ្វើការវាយប្រហារដោយរបៀបណា ឬនៅទីតាំងណាឱ្យប្រាកដនោះទេ។ ប៉ុន្តែ ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា អ៉ីរ៉ង់នឹងព្យាយាមរារាំងការជួសជុលខ្សែកាប បន្ទាប់ពីមានការវាយប្រហារ ដើម្បីពន្យារពេលផលរំខាន ចំពោះបណ្តាញទាក់ទង រួមទាំងតំណភ្ជាប់អ៉ីនធឺណិត។
មន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយដូច្នេះថា «ប្រសិនបើអ៉ីរ៉ង់ត្រូវបានវាយប្រហារជាថ្មី នោះនឹងលែងមានបន្ទាត់ក្រហមទៀតហើយ... ចាប់ពីខ្សែកាបក្រោមបាតសមុទ្រ រហូតដល់មូលដ្ឋានយោធា រួមទាំងមូលដ្ឋានសម្ងាត់ផងដែរ»។ មន្ត្រីរូបនេះបានព្រមានទីក្រុងវ៉ាស៊ីនតោនកុំឱ្យ «ប្រឡែងលេងជាមួយភ្លើង» ហើយបាននិយាយថា អ៉ីរ៉ង់មានលទ្ធភាពចូលទៅដល់ខ្សែកាបក្រោមបាតសមុទ្រទាំងនោះយ៉ាងពេញលេញ និងអាចបំផ្លាញពួកវាបានយ៉ាងងាយស្រួល។
យោងតាមសហភាពទូរគមនាគមន៍អន្តរជាតិ ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ខ្សែកាបក្រោមបាតសមុទ្រដឹកជញ្ជូនទិន្នន័យប្រហែល ៩៩ភាគរយ នៃចរាចរណ៍អ៉ីនធឺណិតទូទាំងពិភពលោក។ ប៉ុន្តែ លោក Alan Mauldin នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនស្រាវជ្រាវទូរគមនាគមន៍ TeleGeography បាននិយាយថា ផលប៉ះពាល់ជាសកលពីការវាយប្រហារបែបនេះរបស់អ៉ីរ៉ង់ ទំនងជាមិនធំនោះទេ ព្រោះមានត្រឹមតិចជាង ១ភាគរយប៉ុណ្ណោះ នៃសមត្ថភាពបញ្ជូនទិន្នន័យអន្តរជាតិ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។
គួរបញ្ជាក់ថា ផែនការវាយប្រហារដែលអាចធ្វើឡើងប្រឆាំងបណ្តាញខ្សែកាបក្រោមបាតសមុទ្រនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអ៉ីរ៉ង់ ដែលថា ប្រសិនបើសហរដ្ឋអាមេរិកបើកយុទ្ធនាការយោធាឡើងវិញ នោះអ៉ីរ៉ង់ត្រូវតែឆ្លើយតបឱ្យខ្លាំងជាងមុន។ ក្នុងខែតុលានេះ មន្ត្រីសន្តិសុខកំពូលរបស់អ៉ីរ៉ង់ លោក Mohsen Rezaei បានព្រមានថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានទំនាក់ទំនងជាមួយអាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រ រួមទាំងមជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចក្លាយជាគោលដៅ ប្រសិនបើជម្លោះផ្ទុះឡើងវិញ៕

