មន្ទីរបញ្ចកោណ កំណត់វិទ្យាស្ថានខុងជឺរបស់ចិននៅតាមសាកលវិទ្យាល័យអាមេរិក ជាការគំរាមកំហែងដល់សន្តិសុខជាតិ (Video inside)
24-10-2026 09:58
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា មន្ទីរបញ្ចកោណ បានកំណត់មជ្ឈមណ្ឌលវប្បធម៌ដែលទទួលមូលនិធិពីប្រទេសចិន និងមានទីតាំងនៅតាមសាកលវិទ្យាល័យនានា ដែលគេស្គាល់ថា «វិទ្យាស្ថានខុងជឺ (Confucius Institutes)» ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយបានចោទប្រកាន់វិទ្យាស្ថានខុងជឺថា ជាឧបករណ៍ឃោសនារបស់រដ្ឋាភិបាលចិន ហើយបានចាត់វិធានការផ្សេងៗ ដើម្បីបង្ក្រាបសកម្មភាពរបស់គ្រឹះស្ថានទាំងនេះ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម លោក Hegseth បាននិយាយចោទថា វិទ្យាស្ថានខុងជឺកំពុងប្រតិបត្តិការក្រោមរូបភាពបិទបាំងនៅតាមសាកលវិទ្យាល័យអាមេរិក ហើយថាមន្ទីរបញ្ចកោណបានបញ្ចូលគ្រឹះស្ថានទាំងនេះ ទៅក្នុងបញ្ជីស្ថាប័នដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។
លោក Hegseth បាននិយាយដូច្នេះថា «ជាក់ស្ដែង មានបណ្តាញឃោសនាថ្មីចំនួន៨០ បានលេចឡើងនៅតាមសាកលវិទ្យាល័យចំនួន៣០ ដោយប្រើឈ្មោះ និងរូបភាពផ្សេងៗគ្នា ប៉ុន្តែមានបេសកកម្មតែមួយ នោះគឺលួចកម្មសិទ្ធិបញ្ញា និងជ្រៀតចូលក្នុងផ្នត់គំនិតរបស់និស្សិតអាមេរិក»។ លោក Hegseth បានបន្តថា ក្នុងរយៈពេលពីរខែកន្លងមកនេះ ក្រសួងការពារជាតិអាមេរិក បានរុះរើគ្រឹះស្ថានទាំងអស់នេះជាប្រព័ន្ធ រហូតដល់គ្មានសល់សូម្បីតែមួយ។
គួរបញ្ជាក់ថា ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនទាន់បានឆ្លើយតបភ្លាមៗនៅឡើយទេ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការអះអាងរបស់អាមេរិក៕


