FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីអាមេរិកនិងកូរ៉េខាងត្បូង មើលឃើញឱកាសតិចតួច នៃជំនួបរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នុងឆ្នាំនេះ

23-10-2026 15:24

(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង មើលឃើញថា ឱកាសនៃការជួបពិភាក្សាគ្នារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះ គឺកាន់តែតិចតួចទៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦។

លោក ត្រាំ ដែលជាប្រធានាធិបតីអាមេរិកតែមួយគត់ ដែលធ្លាប់ជួបមេដឹកនាំកូរ៉េខាងជើង បានបង្ហាញបំណងយ៉ាងខ្លាំង ក្នុងការចាប់ផ្តើមកិច្ចចរចាជាមួយកូរ៉េខាងជើងឡើងវិញ។ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបង្ហាញចំណាប់អារម្មណ៍តិចតួចប៉ុណ្ណោះ ក្នុងការចាប់ផ្តើមការទូតសាជាថ្មី ដែលមានគោលបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ប្រភពពីមន្រ្តីអាមេរិកនិងកូរ៉េខាងត្បូងប៉ុន្មានរូប ដែលដឹងអំពីបញ្ហាខាងលើ បានបង្ហើបថា សហរដ្ឋអាមេរិកមិនទាន់ទទួលបាន ការឆ្លើយតបណាមួយពីកូរ៉េខាងជើង ជុំវិញការរៀបចំជំនួបរវាងលោក ត្រាំ-គីម នោះទេ ហើយនៅសល់ពេលតិចតួចប៉ុណ្ណោះ មុនកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយនៅប្រទេសចិន នាខែក្រោយ ជាទីដែលជំនួបនោះអាចកើតឡើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ធ្លាប់បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងនឹងដាក់លក្ខខណ្ឌតឹងរ៉ឹង សម្រាប់ការយល់ព្រមឱ្យមានកិច្ចប្រជុំកំពូលទ្វេភាគីណាមួយ ដែលអាចរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្ម បើទោះបីជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម បាននិយាយថា មេដឹកនាំទាំងពីរមានទំនាក់ទំនង «ល្អប្រសើរ» ជាមួយគ្នាក៏ដោយ។

កាលពីខែសីហា លោក ត្រាំ ធ្លាប់បាននិយាយថា រូបលោកគ្រោងជួបលោក គីម នៅចុងឆ្នាំនេះ ហើយអះអាងថា មេដឹកនាំកូរ៉េខាងជើង បានឆ្លើយតបចំពោះការផ្តួចផ្តើមការទាក់ទងរបស់លោក។ កាលពីចុងខែកញ្ញាកន្លងទៅនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានប្រាប់សមាជិកសភាកូរ៉េខាងត្បូងថា មានឱកាស ៥០ភាគរយ ដែលលោក ត្រាំ និងលោក គីម នឹងជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ក្នុងទីក្រុង Shenzhen ប្រទេសចិន។

យ៉ាងណាមិញ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ត្រាំ ដែលធ្លាប់ជួបលោក គីម ដល់ទៅ៣លើក អំឡុងអាណត្តិដំបូងរបស់លោក បានបន្ថយការរំពឹងទុកវិញ អំពីលទ្ធភាពនៃជំនួបនេះ ក្នុងអំឡុងកិច្ចប្រជុំ APEC ឬអំឡុងកិច្ចប្រជុំអាស៊ាននៅឯប្រទេសហ្វីលីពីន ជាកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយទៀត ដែលក៏នឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ផងដែរ៕