ដាណឺម៉ាក បញ្ជាទិញមីស៊ីលរយៈចម្ងាយឆ្ងាយពីអាមេរិកនិងន័រវែស នាំឱ្យរុស្ស៊ីបង្ហាញការមិនពេញចិត្ត (Video inside)
23-10-2026 14:55
(កូប៉ិនហាក)៖ ដាណឺម៉ាក ដែលជាសមាជិកអង្គការណាតូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ថា ខ្លួនបានព្រមព្រៀងទិញមីស៊ីលវាយប្រហារចម្ងាយឆ្ងាយចំគោលដៅច្បាស់ ជាលើកដំបូង ខណៈប្រទេសនៅតំបន់អឺរ៉ុបខាងជើងមួយនេះ កំពុងព្យាយាមពង្រឹងសន្តិសុខរបស់ខ្លួន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនៅអឺរ៉ុប ជាហេតុធ្វើឱ្យទីក្រុងមូស្គូចេញមុខថ្កោលទោស ចំពោះការសម្រេចចិត្តនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Jeppe Bruus បាននិយាយថា ប្រព័ន្ធមីស៊ីលថ្មីនេះ នឹងពង្រឹងសមត្ថភាពរបស់ដាណឺម៉ាក ហើយអនុញ្ញាតឱ្យប្រទេសរបស់លោក វាយប្រហារលើទីតាំងស្ថិតនៅក្រោយខ្សែត្រៀមរបស់សត្រូវ ប្រសិនបើរងការវាយប្រហារមុន។ លោក Bruus បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា «យើងកំពុងស្ថិតក្នុងស្ថានភាពសន្តិសុខដ៏ធ្ងន់ធ្ងរ ហើយកាន់តែអាក្រក់ទៅៗ។ ហេតុនេះហើយបានជាយើងកំពុងបង្កើនសមត្ថភាពការពារជាតិ និងពង្រឹងសមត្ថភាពប្រយុទ្ធរបស់យើង»។
កាលពីថ្ងៃព្រហស្បតិ៍ថា ដាណឺម៉ាកបានប្រកាសថា ខ្លួនបានព្រមព្រៀងទិញមីស៊ីល Anthem របស់ក្រុមហ៊ុន Covenant របស់សហរដ្ឋអាមេរិក ដែលផលិតនៅប្រទេសអាល្លឺម៉ង់ ព្រមទាំងមីស៊ីល Joint Strike សម្រាប់បំពាក់លើយន្តហោះចម្បាំង F-35 របស់ខ្លួន ដែលផលិតដោយក្រុមហ៊ុន Kongsberg របស់ប្រទេសន័រវែស។ លោក Bruus បដិសេធមិនបញ្ជាក់ថា ដាណឺម៉ាកបានបញ្ជាទិញមីស៊ីលសរុបចំនួនប៉ុន្មានគ្រាប់ ឬត្រូវចំណាយប្រាក់ប៉ុន្មាននោះទេ។
ដោយឡែក ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងកូប៉ិនហាក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គោលនយោបាយមីស៊ីលរបស់ដាណឺម៉ាក មានគោលដៅប្រឈមមុខដាក់គ្នាជាមួយទីក្រុងមូស្គូ ហើយបានព្រមានអំពីផលវិបាកមហន្តរាយដែលមិនអាចចៀសវាងបាន។ ស្ថានទូតរុស្ស៉ី បានលើកឡើងដូច្នេះថា «ទីក្រុងកូប៉ិនហាកកំពុងឈ្លក់វង្វេងជាមួយការយល់ឃើញខុសដ៏គ្រោះថ្នាក់ ដែលគិតថា ការទិញអាវុធវាយប្រហារមានភាពជាក់លាក់ខ្ពស់ និងរយៈចម្ងាយឆ្ងាយ ដើម្បីបង្កការគំរាមកំហែងផ្នែកយោធា ដល់ប្រទេសមហាអំណាចនុយក្លេអ៊ែរមួយ នឹងជួយពង្រឹងសន្តិសុខ និងការការពារជាតិរបស់ប្រទេសដាណឺម៉ាក»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ដាណឺម៉ាក ធ្លាប់បានប្រកាសពីគម្រោងទិញអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់រុស្ស៊ីចំពោះអឺរ៉ុប ដែលបង្កឱ្យទីក្រុងមូស្គូចេញមុខរិះគន់យ៉ាងខ្លាំង។ កាលពីពេលនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានជំរុញឱ្យយោធាប្រកាន់ជំហរទិញហើយទិញទៀត នូវសព្វាវុធថ្មីៗ បន្ទាប់ពីមានការកាត់បន្ថយថវិកាអស់ជាច្រើនឆ្នាំ។ ការផ្លាស់ប្តូរគោលនយោបាយនេះ ត្រូវគេមើលឃើញថា ជំរុញដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕



