FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិអាមេរិក ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Lockheed Martin ស្តីពីការផលិតយន្តហោះចម្បាំង F-35 ចំនួន៨៥០គ្រឿងថ្មី សម្រាប់រយៈពេល១០ឆ្នាំខាងមុខ (Video inside)

23-10-2026 14:13

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណដែលជាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនការពារជាតិ Lockheed Martin កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បានប្រកាសពីកិច្ចព្រមព្រៀងដំណាក់កាលដំបូង ស្តីពីការផលិតយន្តហោះចម្បាំង F-35 ចំនួនយ៉ាងហោច៨៥០គ្រឿងថ្មី សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន Lockheed Martin មានគោលដៅរក្សាសមត្ថភាពផលិតនៅកម្រិត ១៥៦គ្រឿង ក្នុងមួយឆ្នាំ។ យន្តហោះចម្បាំង F-35 ម៉ូដែលដែលថោកជាងគេបំផុត មានតម្លៃ៩២លានដុល្លារក្នុងមួយគ្រឿង ដូច្នេះកិច្ចព្រមព្រៀងបឋម រយៈពេល១០ឆ្នាំនេះ នឹងមានទំហំទឹកប្រាក់យ៉ាងតិច ៧៨,២ពាន់លានដុល្លារ។ យន្តហោះចម្បាំង F-35 ម៉ូដែល B ដែលប្រើប្រាស់ដោយកងម៉ារីនអាមេរិក មានតម្លៃ ១២១លានដុល្លារក្នុងមួយគ្រឿង ខណៈ F-35 ម៉ូដែល C របស់កងទ័ពជើងទឹកអាមេរិក មានតម្លៃ ១១០លានដុល្លារក្នុងមួយគ្រឿង។ ចំនួនយន្តហោះតាមប្រភេទនីមួយៗ ដែលនឹងត្រូវបញ្ចូលក្នុងកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ហើយតម្លៃត្រូវបានរំពឹងថា នឹងកើនឡើងថែមទៀត ដោយសារអតិផរណា និងថ្លៃពលកម្ម។

គួរបញ្ជាក់ថា សព្វថ្ងៃ សហរដ្ឋអាមេរិក កំពុងធ្វើប្រតិបត្តិការយន្តហោះចម្បាំង F-35 សរុបចំនួនជាង៨០០គ្រឿងរួចជាស្រេច ក្នុងនោះភាគច្រើន គឺ F-35 ម៉ូដែល A ចំនួនជាង៥០០គ្រឿង ស្ថិតក្នុងស្តុករបស់កងទ័ពអាកាសអាមេរិក។ ក្រៅពីនេះ យន្តហោះចម្បាំង F-35 រាប់រយគ្រឿងផ្សេងទៀត ក៏ត្រូវបានប្រើប្រាស់ដោយបណ្តាប្រទេស ដែលជាសម្ព័ន្ធមិត្តអាមេរិកផងដែរ៕