ប្រមុខយោធារបស់ប្រទេសនូវែលសេឡង់ លាលែងពីតំណែង ដោយសារហេតុផលធ្លាប់មានទំនាក់ទំនងមិនសមរម្យ
23-10-2026 13:37
(វែលីងតោន)៖ កងកម្លាំងការពារជាតិនៃប្រទេសនូវែលសេឡង់ នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថា ប្រមុខយោធារបស់ខ្លួន បានសម្រេចចិត្តលាលែងពីតំណែង ដោយសារហេតុផលធ្លាប់មាន «ទំនាក់ទំនងមិនសមរម្យ» កាលពីអំឡុងពេលនៅកាន់តួនាទីដឹកនាំអង្គភាពយោធាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប្រមុខយោធានូវែលសេឡង់ លោកឧត្តមសេនីយ៍ Tony Davies បាននិយាយដូច្នេះថា «ការលាលែងពីតំណែងនេះ គឺដោយសារហេតុផលផ្ទាល់ខ្លួន និងបណ្តាលមកពីការវិនិច្ឆ័យខុសឆ្គង ដែលខ្ញុំបានធ្វើកន្លងមក ដូច្នេះខ្ញុំកំពុងទទួលខុសត្រូវ ចំពោះកំហុសនេះ»។ លោកបានបន្ថែមថា «ការវិនិច្ឆ័យខុសនោះ គឺផ្ទុយនឹងគុណតម្លៃរបស់កងកម្លាំងការពារជាតិនូវែលសេឡង់»។
លោក Davies បានបន្តថា «បញ្ហានេះពាក់ព័ន្ធនឹងទំនាក់ទំនងមិនសមរម្យដែលខ្ញុំធ្លាប់មាន ក្នុងពេលកាន់តួនាទីជា មេបញ្ជាការអង្គភាពមួយ ហើយខ្ញុំសោកស្តាយ ដែលមិនបានបង្ហាញព័ត៌មាននេះ នៅពេលដែលខ្ញុំមានឱកាសធ្វើដូច្នោះ»។ យោធានូវែលសេឡង់ បានបន្ថែមថា លោក Davies បានស្នើសុំឱ្យគោរពភាពឯកជនរបស់លោក ហើយថា នៅពេលនេះ លោកកំពុងផ្តោតសំខាន់លើគ្រួសាររបស់លោក។
រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ លោក Paul Goldsmith បាននិយាយថា កាលៈទេសៈជុំវិញការលាលែងពីតំណែងនេះ ប្រាកដណាស់មុខជានឹងធ្វើឱ្យសមាជិកជាច្រើន ក្នុងជួរកងកម្លាំងប្រដាប់អាវុធមានការខកចិត្តយ៉ាងខ្លាំង។ លោកបាននិយាយថា មូលហេតុនៃការសម្រេចចិត្តរបស់លោក Davies ពាក់ព័ន្ធនឹងបញ្ហាសុចរិតភាព ដែលលោកមិនបានបង្ហាញឱ្យដឹងពីមុនមក។ លោក Goldsmith បានបន្ថែមថា «យើងទាំងពីរអ្នកយល់ស្របថា រូបលោកមិនអាចបន្តកាន់តំណែងនេះបានទៀតទេ»។
គួរបញ្ជាក់ថា លោក Davies ដែលពីមុនជាប្រមុខកងទ័ពអាកាស ត្រូវបានតែងតាំងជាមេដឹកនាំកំពូលនៃកងកម្លាំងយោធានូវែលសេឡង់ កាលពីក្នុងឆ្នាំ២០២៤៕
