FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់ (Video inside)

23-10-2026 11:45

(បាងកក)៖ កម្លាំងប៉ូលិសអន្តោប្រវេសន៍ថៃ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បាន​ឆ្មក់​ឆែកឆេរផ្ទះវីឡាប្រណីតចំនួន ៣ខ្នង តម្លៃជាង ៤០លានបាត ក្នុងខណ្ឌសាយម៉ៃ (Sai Mai) រាជធានីបាងកក បង្ក្រាបបណ្តាញឆបោកតាមអនឡាញ (Call Center) និងល្បែងស៊ី​សងខុសច្បាប់របស់ចិន ព្រមទាំងចាប់ខ្លួនមនុស្ស ១៤នាក់ ក្រោយជនរងគ្រោះជនជាតិចិន​ម្នាក់​ បានលួចរត់គេចខ្លួនចេញមកប្តឹងសមត្ថកិច្ច។

សារព័ត៌មានថៃ បានផ្សាយឱ្យដឹងថា ក្នុងប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Noppasin Poolsawat មេបញ្ជាការប៉ូលិសអន្តោប្រវេសន៍ថៃ​ បានឱ្យដឹងថា ក្នុងចំណោម​ជនសង្ស័យទាំង ១៤នាក់ ដែលត្រូវឃាត់ខ្លួន មានជនជាតិចិន ១០នាក់ ថៃ ៣នាក់ និង​មីយ៉ាន់​ម៉ា ១នាក់ រួមទាំងដកហូតវត្ថុតាងជាង ២០០មុខ និងប្រាក់សុទ្ធមួយចំនួន ដែលមានទំហំទឹក​ប្រាក់​ឆបោកសរុបជាង ១០០លានបាត។

ក្រោយត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចរកឃើញថា បណ្តាញនេះជាប់​ពាក់ព័ន្ធ​នឹងគេហទំព័រល្បែងអនឡាញចិនដ៏ធំឈ្មោះ «HGA» ឬ «Hong Guan» ហើយតាម​រយៈ​ការសហការជាមួយអាជ្ញាធរចិន ប៉ូលិសថៃ ក៏បានកំណត់មុខសញ្ញាមេខ្លោង ២នាក់ ដោយ​ម្នាក់ឈ្មោះ Fu មានដីកាចាប់ខ្លួននៅចិនពីបទបើកល្បែងអនឡាញ និងម្នាក់ទៀតឈ្មោះ Han មានដីកាចាប់ខ្លួននៅថៃ ពាក់ព័ន្ធករណីគ្រឿងញៀន ព្រមទាំងស្នាក់នៅហួសទិដ្ឋា​ការ​ជាង ១,២០០ថ្ងៃ។

សូមបញ្ជាក់ដែរថា ការបែកធ្លាយសម្បុកឆបោកនេះ ផ្តើមចេញពីយុវជនចិនម្នាក់ឈ្មោះ Liu អាយុ ២៥ឆ្នាំ ដែលចាញ់បោកមេខ្យល់មកធ្វើការជា Admin ដោយសន្យាផ្តល់ប្រាក់ខែ ៨០,០០០បាត តែបែរជាត្រូវបង្ខំឱ្យធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ ដើម្បីឆបោកលុយពីជន​ជាតិចិន​ដូចគ្នា និងគ្រប់គ្រងប្រព័ន្ធល្បែងអនឡាញ៕