លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល (Video inside)
23-10-2026 11:35
(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថាការធ្វើបាតុកម្មតវ៉ាខុសច្បាប់នឹងត្រូវបានហាមឃាត់នៅប៉ុន្មានថ្ងៃខាងមុខ ហើយលោកបានទម្លាក់ការទទួលខុសត្រូវទៅលើក្រុមអ្នកឆ្វេងនិយមជ្រុលដែលលោកចាត់ទុកថាជាអ្នកអុជអាលញុះញង់ឱ្យមានការប្រឆាំងរដ្ឋាភិបាល និងជនឆ្លៀតឱកាសចំពោះទង្វើលួចប្លន់ អំឡុងបាតុកម្មដ៏ចលាចលកាលពីចុងសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅបន្ទាប់ពីកិច្ចប្រជុំជាមួយប្រមុខចារកម្ម និងរដ្ឋមន្ត្រីជាន់ខ្ពស់បារាំង លោក Macron បាននិយាយថាការធ្វើបាតុកម្មរៀបចំឡើងដោយក្រុមមនុស្សដូចជាក្រុមសហជីពកម្មករនឹងត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវដើរដង្ហែក្បួនបាតុកម្មនៅតាមបណ្ដោយផ្លូវផ្សេងពីផ្លូវដែលពួកគេគ្រោងដើរដង្ហែក្បួនដើម្បីការពារហាងទំនិញនានា។ «កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន យើងបានឃើញផ្ទាល់ភ្នែកពីសកម្មភាពនយោបាយ និងញុះញង់ឱ្យប្រឆាំងអាជ្ញាធរពីសំណាក់ក្រុមអ្នកឆ្វេងនិយមជ្រុលដែលមានគោលដៅផ្ដួលរំលំសាធារណរដ្ឋ»។ នេះជាការលើកឡើងរបស់លោក Macron។
ការអត្ថាធិប្បាយរបស់លោក Macron ធ្វើឡើងខណៈអាជ្ញាធរនៅទូទាំងប្រទេសបារាំង បាននិងកំពុងត្រៀមលក្ខណៈដើម្បីទប់ទល់នឹងបាតុកម្មតវ៉ាដែលគ្រោងនឹងធ្វើឡើងសាជាថ្មីនៅចុងសប្ដាហ៍នេះ។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយថារូបលោកផ្ទាល់ចង់ឱ្យមានការព្យួរសិទ្ធិបោះឆ្នោតចំពោះអ្នកដែលបំពានលើបម្រាមស្ដីពីការចូលរួមក្នុងការធ្វើបាតុកម្ម និងរឹតត្បិតការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដោយក្រុមមនុស្សមួយចំនួនដែលបានប្រព្រឹត្ត ឬចូលរួមក្នុងអំពើហិង្សា ការលួចឆក់ប្លន់ ឬក៏វាយប្រហារលើមន្ត្រីប៉ូលិស។
គួរបញ្ជាក់ថា គម្រោងធ្វើបាតុកម្មទាំងឡាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះក្នុងទីក្រុង Marseille និង Lyon ត្រូវបានហាមឃាត់។ តែទោះជាបែបនេះក្ដី បាតុកម្មតវ៉ាថ្មីៗខ្លះបានប្រព្រឹត្តទៅជាបណ្ដើរៗ នៅចំពោះមុខការព្រួយបារម្ភពីការផ្ទុះឡើងជាថ្មីអំពើហិង្សា និងភាពចលាចលដូចកាលពីចុងសប្ដាហ៍មុន៕





