FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំងរាយការណ៍ពីករណីឆ្លងវីរុស Shamonda ដំបូងបំផុតលើមនុស្ស ក្រោយអ្នកជំងឺម្នាក់ស្លាប់ (Video inside)

23-10-2026 10:46

(ប៉ារីស)៖ បារាំងបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស Shamonda លើមនុស្សជាលើកដំបូង បន្ទាប់ពីអ្នកជំងឺម្នាក់បានស្លាប់នៅឯមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ខណៈអាជ្ញាធរនិយាយថាមិនមានហានិភ័យធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Shamonda ជាវីរុសដែលត្រូវបានរកឃើញជាទូទៅនៅលើខ្លួនសត្វពាហនៈ។ សេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលបារាំងបានឱ្យដឹងថាមានការសង្ស័យថាជនរងគ្រោះប្រហែលជាត្រូវបានខាំដោយសត្វល្អិតមានផ្ទុកវីរុសនេះ នៅភាគខាងកើតប្រទេសបារាំងជាទីដែលវីរុសនេះបានឆ្លងរាលដាលនៅក្នុងចំណោមសត្វពាហនៈក្នុងរដូវផ្ការីក និងរដូវក្ដៅ។ មន្ត្រីម្នាក់មកពីក្រសួងសុខាភិបាលបារាំងបានឱ្យដឹងថាបុរសជាអ្នកជំងឺម្នាក់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Lyon ដោយមានអាការៈធ្ងន់ធ្ងរ។ អ្នកជំងឺរូបនេះមានអាយុ៦០ឆ្នាំ និងជាអ្នករស់នៅក្នុងទីក្រុង Lyon។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បាន និងកំពុងទំនាក់ទំនងជាមួយអាជ្ញាធរបារាំងអំពីករណីឆ្លងវីរុស Shamonda ហើយថាផ្អែកលើព័ត៌មានបច្ចុប្បន្ន ករណីឆ្លងខាងលើជាករណីឆ្លងដ៏កម្រកើតឡើងលើមនុស្សដែលទំនងជានឹងមិនឆ្លងរាលដាលខ្លាំងនោះទេក្នុងពេលបច្ចុប្បន្ន។ Shamonda ជាប្រភេទវីរុសម្យ៉ាងឆ្លងតាមរយៈការខាំរបស់សត្វល្អិតមានផ្ទុកវីរុសនេះដែលទំនៅលើខ្លួនសត្វពាហៈដូចជាគោ សេះ ចៀម និងពពែ។ កន្លងមកមិនទាន់មានសេចក្ដីរាយការណ៍ពីការរកឃើញករណីឆ្លងពីសត្វពាហនៈទៅមនុស្ស ឬក៏ឆ្លងពីមនុស្សទៅមនុស្សឡើយ។

តាមអាជ្ញាធរសុខាភិបាលបារាំង សត្វពាហនៈដែលឆ្លងវីរុស Shamonda អាចមានរោគសញ្ញាដូចជារាគ បាត់បង់ចំណង់អាហារ អស់កម្លាំង ឬអាចគ្រុនក្ដៅ៕