លោក ពូទីន ព្រលយថាកិច្ចចរចាសន្តិភាពត្រូវតែផ្ដោតលើសន្តិសុខសម្រាប់រុស្ស៉ី អ៊ុយក្រែន និងអឺរ៉ុបទាំងមូល (Video inside)
23-10-2026 09:58
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាកិច្ចចរចាណាមួយនៅពេលអនាគតស្ដីពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រូវតែផ្ដោតលើការធានាសន្តិសុខសម្រាប់ប្រទេសទាំង២ ព្រមទាំងក្របខណ្ឌសន្តិសុខមួយសម្រាប់តំបន់អឺរ៉ុបទាំងមូល។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ មួយថ្ងៃបន្ទាប់ពីបានជួបបេសកជនពិសេសអាមេរិក លោក Steve Witkoff លោក ពូទីនបានបញ្ជាក់ជាថ្មីថារុស្ស៉ីត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្ដើមឡើងវិញកិច្ចចរចាជាមួយអ៊ុយក្រែនក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ លោក ពូទីនក៏បានរំឮកឡើងវិញផងដែរគោលជំហរជាយូរណាស់មកហើយរបស់វិមានក្រឹមឡាំងថារុស្ស៉ីមិនមានបំណងចង់ធ្វើសង្រ្គាមនោះទេ។ ប៉ុន្តែត្រូវបង្ខំចិត្តធ្វើវាក៏ព្រោះតែទទួលបានចម្លើយតបប្រកបដោយអរិភាពពីអ៊ុយក្រែន ជុំវិញបញ្ហាសំខាន់ៗមួយចំនួនដែលជាកង្វល់របស់រុស្ស៉ី។
តាមលោក ពូទីន ការជជែកគ្នាលើបញ្ហាផ្សេងជាច្រើនអាចនឹងនាំទៅរកលទ្ធផលវិជ្ជមាន តែរុស្ស៉ីនៅតែចង់បានដំណោះស្រាយមួយដែលបិទបញ្ចប់ជម្លោះ មិនមែនគ្រាន់តែជាបទឈប់បាញ់រយៈពេលខ្លីមួយនោះទេ។ «គោលដៅនៃកិច្ចចរចាត្រូវតែផ្តោតលើសន្តិសុខរបស់អ៊ុយក្រែន និងរុស្ស៉ី បន្ទាប់ពីការឈានដល់កិច្ចព្រមព្រៀងសន្តិភាពដែលជាដំណោះស្រាយចុងក្រោយបំផុត មិនមែនគ្រាន់តែជាបទឈប់បាញ់បណ្ដោះអាសន្នត្រឹមរយៈពេលខ្លីឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន។
ក្នុងបទសម្ភាសន៍នោះ លោក ពូទីន បានឱ្យដឹងទៀតថាលោក Witkoff ក៏បានសង្កត់ធ្ងន់ផងដែរពីកិច្ចពិភាក្សាគួរតែត្រូវបានពង្រីកទៅកាន់និម្មាបនកម្មសន្តិសុខអឺរ៉ុបទាំងមូល ហើយថាលោកយល់ស្របចំពោះគំនិតនេះ និងរង់ចាំមើលថាតើស្ថានការណ៍នឹងវិវត្តន៍ទៅយ៉ាងណាទៀតនៅប៉ុន្មានថ្ងៃខាងមុខ?
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានជួបលោក Witkoff ក្នុងប្រទេសន័រវែសកាលពីថ្ងៃព្រហស្បតិ៍ផងនោះ បាននិយាយថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាដែលទំនងជានឹងប្រព្រឹត្តទៅនៅដើមខែវិច្ឆិកាខាងមុខ។ លោកបានបន្តថាអ៊ុយក្រែនបានគាំទ្ររាល់សំណើសម្រាប់បទឈប់បាញ់មួយ ការបិទបញ្ចប់សង្រ្គាម បទឈប់បាញ់លើវិស័យថាមពល និងគំនិតផ្ដួចផ្ដើមនុស្សធម៌។ នៅក្នុងសង្រ្គាមអ៊ុយក្រែនបញ្ហាខ្ទាស់គឺនៅត្រង់ទឹកដី។ រុស្ស៉ីបានទាមទារកាត់យកតំបន់ដុនបាស់ទាំងមូលរបស់អ៊ុយក្រែន តែទីក្រុងកៀវបានប្រកាន់ជំហរថានឹងមិនបោះបង់ចោលទឹកដីរបស់ខ្លួនឡើយ៕
