លោក ត្រាំ៖ លោក Elon Musk លុបចោលការរឹតត្បិតលើអ៊ុយក្រែន ជុំវិញការប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណប Starlink (Video inside)
23-10-2026 09:32
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បាននិយាយថា CEO របស់ក្រុមហ៊ុន SpaceX លោក Elon Musk បានលុបចោលការរឹតត្បិតលើអ៊ុយក្រែនជុំវិញការប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណប Starlink តែមិនបានធ្វើអត្ថាធិប្បាយអ្វីទេនៅពេលត្រូវបានសាកសួរថាតើរូបលោកបានពិភាក្សាលើបញ្ហានេះជាមួយលោក Elon Musk ដែរឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងក្រោយកាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាលោក ត្រាំ បានជជែកគ្នាតាមទូរស័ព្ទជាមួយលោក Elon Musk និងបានស្នើឱ្យកំពូលមហាសេដ្ឋីរូបនេះលុបចោលការរឹតត្បិតលើការប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណប Starlink របស់អ៊ុយក្រែន។ «ខ្ញុំមិនចង់និយាយអ្វីទេលើបញ្ហានេះ ហើយមិនថាខ្ញុំ ឬក៏អ្នកផ្សេងទៀតបានជជែកតាមទូរស័ព្ទ ក៏វាមិនមានអ្វីខុសគ្នាដែរ សំខាន់គាត់ (លោក Elon Musk) បានធ្វើឱ្យវាត្រឡប់ទៅដំណើរការឡើងវិញ»។ នេះជាការបញ្ជាក់របស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលត្រូវបានសាកសួរថាតើរូបលោកបានជជែកជាមួយលោក Musk ឬក៏អត់?
គួរបញ្ជាក់ថា បើតាម Wall Street Journal ប្រព័ន្ធផ្កាយរណប Starlink បានត្រឡប់ទៅដំណើរការកាន់តែរលូនជាងមុនកាលពីថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីមានកិច្ចសន្ទនារវាងលោក ត្រាំ និងលោក Elon Musk។ ក្រុមមន្ត្រីអ៊ុយក្រែនវិញក៏បានប្រាប់ Wall Street Journal ដែរថាប្រព័ន្ធផ្កាយរណប Starlink មិនទាន់បានត្រឡប់ទៅដំណើរការឡើងវិញពេញលេញ នៅឡើយទេ ប៉ុន្តែអ៊ុយក្រែនអាចប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណបនេះក្នុងល្បឿនលឿនជាងមុន បើធៀបទៅនឹងអំឡុងពេលមានការរឹតត្បិត៕

