FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះធម្មជាតិបង្កការខាតបង់សេដ្ឋកិច្ចចំនួន ៣០ពាន់លានដុល្លារ នៅប្រទេសចិនក្នុងរយៈពេល៩ខែនៃឆ្នាំនេះ (Video inside)

22-10-2026 15:14

(ប៉េកាំង)៖ ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថា ការខាតបង់ផ្ទាល់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារគ្រោះធម្មជាតិ មានទំហំសរុប១៩៩,៣៦ពាន់លានយ័ន ឬស្មើនឹងប្រហែល ២៩,៩ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន បានបន្ថែមថា គ្រោះមហន្តរាយធ្ងន់ធ្ងរខ្លាំង រួមមានដូចជា ព្យុះទីហ្វុង ទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី។ ក្រសួងក៏បានឱ្យដឹងថា មនុស្សចំនួន៥៦២នាក់ បានស្លាប់ឬបាត់ខ្លួន ក្នុងគ្រោះមហន្តរាយដ៏សាហាវ នៅតំបន់ព្រំដែននេប៉ាល់-ទីបេ កាលពីខែសីហា ពោលគឺតួលេខនេះមិនមានការប្រែប្រួលអ្វីឡើយ បើធៀបនឹងសេចក្តីប្រកាសពីមុន នាពេលកន្លងមក។

ក្នុងគ្រោះមហន្តរាយដ៏រន្ធត់កាលពីពេលនោះ អាជ្ញាធរចិនបានរាយការណ៍ថា តួលេខមនុស្សស្លាប់ចុងក្រោយ គឺ៤៣នាក់ និងបាត់ខ្លួន៥១៩នាក់ រីឯនៅខាងប្រទេសនេប៉ាល់វិញ អាជ្ញាធរបានរាយការណ៍តួលេខចុងក្រោយបង្អស់ថា ស្លាប់យ៉ាងហោចជិត១៥០០នាក់ ខណៈបាត់ខ្លួនជាង ៥០០០នាក់។

កាលពីថ្ងៃពុធ មន្ត្រីចិនបានប្តេជ្ញាថា ប្រទេសចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ក៏ដូចជាឆ្លើយតបចំពោះគ្រោះធម្មជាតិ ព្រមទាំងពង្រឹងសុវត្ថិភាពនៅកន្លែងបំពេញការងារ អំឡុងផែនការអភិវឌ្ឍន៍៥ឆ្នាំ លើកទី១៥ (ឆ្នាំ២០២៦-២០៣០) ក្រោមគោលដៅការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ឱ្យកាន់តែប្រសើរឡើង៕