តៃវ៉ាន់ចេញសេចក្តីព្រមានឱ្យប្រុងប្រយ័ត្ន មុនការមកដល់នៃព្យុះទីហ្វុងខ្លាំងមួយឈ្មោះ Champi (Video inside)
22-10-2026 14:44
(តៃប៉ិ)៖ តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីព្រមានឱ្យប្រជាជននាំគ្នាប្រុងប្រយ័ត្ន មុនពេលព្យុះទីហ្វុងខ្លាំងក្លាមួយ ឈ្មោះថា Champi បោកបក់មកដល់ ហើយបានលុបចោលជើងហោះហើរជាង ១០០ជើង ខណៈព្យុះនេះត្រូវបានព្យាករថា នឹងធ្វើដំណើរកាត់ក្បែរឆ្នេរភាគឦសានរបស់កោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋបាលអាកាសធាតុរបស់តៃវ៉ាន់ CWA បានឱ្យដឹងថា ព្យុះ Champi ដែលកន្លងមកនេះ ធ្លាប់មានកម្លាំងឡើងដល់កម្រិតព្យុះស៊ូភើទីហ្វុង និងជាព្យុះដ៏ខ្លាំងបំផុតមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ បានចុះខ្សោយថាមពលបន្តិចវិញ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែនៅរក្សាល្បឿនខ្យល់កន្ត្រាក់ រហូតដល់លើសពី២២៧គីឡូម៉ែត្រក្នុងមួយម៉ោង ក្បែរចំណុចកណ្ដាលរបស់វា។
CWA បាននិយាយថា បច្ចុប្បន្ន ព្យុះនេះស្ថិតនៅចម្ងាយប្រមាណ ៥២០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃចំណុចចុងភាគខាងត្បូងរបស់តៃវ៉ាន់។ គន្លងព្យុះ Champi បង្ហាញថា វានឹងបោកបក់កាត់ភាគឦសានតៃវ៉ាន់ បន្ទាប់មកបត់ទៅទិសខាងជើង ឆ្ពោះរកឆ្នេរសមុទ្រចិន ហើយនៅទីបំផុតនឹងធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសជប៉ុន។
រដ្ឋបាល CWA បាននិយាយថា ទំហំនៃព្យុះទីហ្វុងខាងលើ បានពង្រីកថែមបន្តិចដល់ ៣២០គីឡូម៉ែត្រ ដែលធំល្មមអាចគ្របដណ្ដប់លើ ផ្ទៃដីភាគច្រើនរបស់តៃវ៉ាន់។ អ្នកជំនាញអាកាសធាតុ បានព្រមានថា ឥទ្ធិពលរបស់ព្យុះនេះ អាចអូសបន្លាយប្រហែលជិត២ថ្ងៃ។ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានអំពាវនាវឱ្យប្រជាជនត្រៀមខ្លួនចាប់ពីពេលនេះតទៅ និងចៀសវាងការធ្វើដំណើរទៅតំបន់ភ្នំ ឬតំបន់ឆ្នេរសមុទ្រ។
គួរបញ្ជាក់ថា ជាទូទៅ តៃវ៉ាន់មានការត្រៀមលក្ខណៈបានល្អប្រសើរសម្រាប់ព្យុះទីហ្វុង ដែលជាកត្តាជួយកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស។ គេរំពឹងថា ព្យុះ Champi នឹងខិតជិតតៃវ៉ាន់បំផុត នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ ដោយស្ថិតនៅក្បែរឆ្នេរភាគឦសាន មុនពេលបន្តដំណើរទៅទិសខាងជើង ឆ្ពោះទៅតំបន់សមុទ្រក្បែរទីក្រុងសៀងហៃ។ ព្យុះនេះត្រូវបានព្យាករថា នឹងបោកបក់ឆ្លងកាត់កោះ Yonaguni ដែលស្ថិតនៅភាគខាងលិចបំផុតរបស់ប្រទេសជប៉ុន ក្នុងខេត្ត Okinawa៕



