NATO នឹងអនុញ្ញាតឱ្យអ៊ុយក្រែន ទិញបរិក្ខារយោធាតាមរយៈទីភ្នាក់ងាររបស់ខ្លួន (Video inside)
22-10-2026 14:12
(ព្រុចសែល)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ កាសែត Financial Times បានរាយការណ៍ថា អង្គការ NATO នឹងអនុញ្ញាតឱ្យអ៊ុយក្រែនទិញសព្វាវុធ គ្រាប់របស់អាវុធ និងសម្ភារយោធាផ្សេងៗទៀត តាមរយៈទីភ្នាក់ងារលទ្ធកម្មកណ្ដាលរបស់ខ្លួន ដែលនឹងជួយឱ្យទីក្រុងកៀវ អាចទទួលបានគ្រឿងបរិក្ខារលឿន និងក្នុងតម្លៃទាបជាងមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Jacqueline Borsboom ប្រធានផ្នែកគាំទ្រប្រតិបត្តិការនៃទីភ្នាក់ងារគាំទ្រនិងលទ្ធកម្មរបស់ NATO ហៅកាត់ NSPA បានប្រាប់កាសែត Financial Times ដូច្នេះថា «កិច្ចព្រមព្រៀងនេះ ផ្ដល់លទ្ធភាពឱ្យអ៊ុយក្រែនប្រើប្រាស់ក្របខ័ណ្ឌ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ជាងមុន ដើម្បីទទួលបានសមត្ថភាពជាច្រើនប្រភេទដែលយើងផ្ដល់ឱ្យ រួមមានជំនាញផ្នែកលទ្ធកម្ម សេវាគាំទ្រ និងឱកាសទទួលបានបណ្ដាញមូលដ្ឋានឧស្សាហកម្មដែលមានស្រាប់ និងមានគុណភាពល្អ»។
កិច្ចព្រមព្រៀងខាងលើនេះ គឺចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានជួបភាពតានតឹងជាថ្មី ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតជាមួយរុស្ស៊ីក្នុងខែនេះ ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈនៅអាមេរិក ខណៈការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ខិតជិតមកដល់។
អ៊ុយក្រែនបានត្អូញត្អែរថា មានការរំខានដល់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់មួយចំនួន និងការប្រើប្រាស់ប្រព័ន្ធផ្កាយរណប Starshield របស់អាមេរិក។ ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចប្រជុំមួយ នៅទីក្រុង Oslo កាលពីថ្ងៃអង្គារ ជាមួយបេសកជនពិសេសអាមេរិក បានឈានដល់ការព្រមព្រៀងគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនេះ៕


