FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនមេធាវីមានមូលដ្ឋាននៅក្រិក និងប៉ាណាម៉ា ដោយចោទថាបានជួយដល់អ៉ីរ៉ង់

22-10-2026 11:45

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមេធាវី «Karnakis & Karnakis» ដែលមានមូលដ្ឋាននៅប្រទេសក្រិក និងប្រទេសប៉ាណាម៉ា ដោយលើកឡើងថា ក្រុមហ៊ុននេះបានផ្តល់ជំនួយផ្នែកច្បាប់ ដល់បណ្តាញដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់អ៉ីរ៉ង់ អស់ជាច្រើនឆ្នាំមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦។

លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ច្រើនឆ្នាំមកហើយក្រុមហ៊ុន Karnakis & Karnakis ធ្វើអាជីវកម្មក្លែងក្លាយ ដើម្បីលាក់បាំងម្ចាស់ពិតប្រាកដនៃនាវាដែលដឹកជញ្ជូនប្រេង ផលិតផលគីមីឥន្ធនៈ និងដែកថែបរបស់អ៉ីរ៉ង់។ តាមលោក Tommy Pigott ក្រុមហ៊ុននេះបានបង្កើតក្រុមហ៊ុននានាឡើង ដើម្បីតំណាងឱ្យបណ្តាញមួយដែលលក់ប្រេងអ៉ីរ៉ង់រាប់លានបារ៉ែល ដែលផ្តល់ផលប្រយោជន៍ដល់កងកម្លាំង Quds នៃឆ្មាំបដិវត្តន៍ IRGC និងក្រុមហ៊ូទី។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Karnakis & Karnakis នៅឡើយទេ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុ ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ហៅកាត់ FinCEN បានចេញដីកាបញ្ជាឱ្យផ្តល់ឯកសារ ដើម្បីជំរុញការស៉ើបអង្កេតលើធនាគារក្រិកមួយ ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយអ៉ីរ៉ង់ផងដែរ។ FinCEN ក៏បានស្នើសុំព័ត៌មានពីធនាគារអឺរ៉ុបចំនួន ៦ផ្សេងទៀតផងដែរ ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយស្ថាប័នហិរញ្ញវត្ថុអ៉ីរ៉ង់ ដែលកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ក្រៅពីនេះ ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មលើភ្នាក់ងារដឹកជញ្ជូនមានមូលដ្ឋាននៅសិង្ហបុរី និងអេមីរ៉ាត់អារ៉ាប់រួម ដោយលើកឡើងថា ភ្នាក់ងារទាំងនោះបានជួយដោយផ្ទាល់ដល់ប្រតិបត្តិការនៃកងនាវាខ្មោចរបស់អ៉ីរ៉ង់៕