ចិន និងជីប៊ូទី លើកឡើងពីសិទ្ធិនៃការធ្វើនាវាចរណ៍នៅតំបន់សមុទ្រក្រហម និងអំពាវនាវឱ្យមានការគោរព

22-10-2026 11:10

(ប៉េកាំង)៖ ក្រោយជំនួបនៃរដ្ឋមន្ត្រីការបរទេសក្នុងទីក្រុងប៉េកាំង ប្រទេសចិន និងប្រទេសជីប៊ូទី បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ប្រទេសទាំងអស់គួរតែមានសេរីភាពក្នុងការធ្វើនាវាចរណ៍នៅតំបន់សមុទ្រក្រហម និងតាមច្រកសមុទ្រ Bab el-Mandeb ដោយភាគីទាំងពីរបានសម្តែងក្តីបារម្ភចំពោះស្ថានភាពសន្តិសុខដែលកំពុងធ្លាក់ចុះដុនដាបនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ គូសបញ្ជាក់ថា «ការគ្រប់គ្រង និងការធានាសន្តិសុខនៅសមុទ្រក្រហម អធិបតេយ្យភាព បូរណភាពទឹកដី និងបំណងប្រាថ្នារបស់បណ្តាប្រទេសដែលស្ថិតនៅជាប់សមុទ្រក្រហម គួរតែត្រូវបានគោរពយ៉ាងពិតប្រាកដ ដើម្បីចៀសវាងការបង្កើនហានិភ័យសន្តិសុខជារួមនៅក្នុងតំបន់»។

ប្រទេសជីប៊ូទី ស្ថិតនៅត្រើយម្ខាងនៃច្រកសមុទ្រ Bab el-Mandeb ទល់មុខនឹងប្រទេសយេម៉ែន ដែលនៅទីនោះ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ កំពុងប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត។ ក្រុមនេះកំពុងព្យាយាមគ្រប់គ្រងទាំងស្រុង លើឆ្នេររបស់យេម៉ែនក្នុងតំបន់សមុទ្រក្រហម ដែលសកម្មភាពនេះបានបង្កការរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ចិន នៅឆ្នាំ២០១៧ បានបើកមូលដ្ឋានយោធានៅក្រៅប្រទេសលើកដំបូងជាផ្លូវការក្នុងប្រទេសជីប៊ូទី ដែលជាអតីតដែនដីអាណានិគមបារាំង ស្ថិតនៅចន្លោះប្រទេសអេត្យូពី អេរីត្រេ និងសូម៉ាលី ហើយក៏ជាទីតាំងដែលមានមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ជប៉ុន និងបារាំងផងដែរ៕