លោក Netanyahu មានផែនការវាយអ៉ីរ៉ង់សាជាថ្មីកាលពីដើមខែតុលា តែលោក ត្រាំជំទាស់
22-10-2026 10:15
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានណែនាំឱ្យយោធាអ៉ីស្រាអែលរៀបចំផែនការបើកការវាយប្រហារតាមផ្លូវអាកាសឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ កាលពីដើមខែតុលានេះ។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបដិសេធការចាប់ផ្ដើមសង្រ្គាមឡើងវិញ មុនការបោះឆ្នោតពាក់កណ្ដាលអាមេរិកដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times។
Financial Times ដោយផ្អែកលើប្រភពចំនួន ៣ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងនៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ថាយោធាអ៉ីស្រាអែលបានត្រៀមលក្ខណៈជាស្រេចក្នុងការបើកការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃទី១០ ខែតុលា ដើម្បីកំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែរ អគាររដ្ឋាភិបាល រួមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងនោះរួមមានរោងចក្រថាមពលក្នុងទឹកដីអ៉ីរ៉ង់។ ប៉ុន្តែបើតាមប្រភពដដែល លោក ត្រាំ បានសម្រេចចិត្តមិនបើកធ្វើសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
សេចក្ដីរាយការណ៍របស់ Financial Times ក៏មិនបានបញ្ជាក់នោះដែរថាតើគម្រោងបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់របស់លោក Netanyahu នឹងមានការចូលរួមពីអាមេរិក ឬក៏អ៉ីស្រាអែលត្រូវដឹកនាំការវាយប្រហារតាមផ្លូវអាកាសតែម្នាក់ឯងឬក៏យ៉ាងណានោះទេ?
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាសាធារណៈម្ដងហើយម្ដងទៀតថាលោកមិនមានបំណងចាប់ផ្ដើមធ្វើសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែក្រោយនោះទេ៕
