FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធ្លាក់យន្ដហោះចម្បាំងបារាំងមួយគ្រឿង អំឡុងពេលហ្វឹកហាត់ផ្ដាច់ជីវិតមនុស្ស ២នាក់ (Video inside)

22-10-2026 09:43

(ប៉ារីស)៖ យន្ដហោះចម្បាំង Mirage 2000D មួយគ្រឿងបានធ្លាក់នៅភាគឦសាននៃប្រទេសបារាំង អំឡុងការបណ្ដុះបណ្ដាលហោះហើរដោយបណ្ដាលឱ្យពីឡុត ២នាក់ជិះលើយន្ដហោះនោះស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រីបារាំងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យន្ដហោះចម្បាំងខាងលើបានធ្លាក់កាលពីថ្ងៃអង្គារ នៅក្បែរមូលដ្ឋានទ័ពអាកាសរបស់យន្ដហោះនេះស្ថិតនៅជាយទីក្រុង Nancy។ អំឡុងសន្និសីទសារព័ត៌មានខ្លីមួយចេញពីទីក្រុង ដូហា ប្រទេសកាតា ជាទីដែលលោកកំពុងបំពេញទស្សនកិច្ច ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធបានសម្ដែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ។

តាមក្រុមមន្ត្រីបារាំង ពីឡុតម្នាក់អាយុ ២៧ឆ្នាំ និងម្នាក់ទៀតជាអ្នកនាំផ្លូវមានអាយុ៤៤ឆ្នាំ មិនអាចហក់ឆត្រយោងចេញពីយន្ដហោះចម្បាំងទាន់ពេលវេលា មុននឹងយន្ដហោះធ្លាក់ដល់ដីនោះទេ។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុធ្វើឱ្យយន្ដហោះចម្បាំងខាងលើធ្លាក់នៅឡើយទេ ហើយការវិភាគលើ DNA អាចនឹងត្រូវចំណាយច្រើនសប្ដាហ៍ដើម្បីបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ។

គួរបញ្ជាក់ថា យន្ដហោះចម្បាំង Mirage 2000D មានកៅអី២ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៣។ បារាំងបានប្រើប្រាស់ យន្ដហោះចម្បាំងនេះក្នុងជម្លោះដូចជានៅកូសូវ៉ូ នៅឆ្នាំ១៩៩៩ លីប៊ី ក្នុងឆ្នាំ២០១១ ព្រមទាំងនៅអាហ្វហ្កានីស្ថាន អ៉ីរ៉ាក់ ស៊ីរី និងតំបន់សាហែលរបស់អាហ្វ្រិក៕