សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី (Video inside)

22-10-2026 08:47

(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មាន​ Reuters បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ថាក្រសួងការបរទេសអាមេរិកបានបង្គាប់ឱ្យបុគ្គលិកការទូតមួយចំនួន និងសមាជិកគ្រួសាររបស់ពួកគេចាកចេញពីបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយមានគម្រោងដកសមាជិកគ្រួសាររបស់បុគ្គលិកការទូតនៃបេសកកម្មអាមេរិកផ្សេងទៀតនៅក្នុងតំបន់។

Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក។ ការបង្គាប់នេះដែរកើតមានឡើងចំពេលមានការវាយប្រហារមួយនៅអារ៉ាប៊ីសាអូឌីតបានសម្លាប់មនុស្សម្នាក់ និង៨នាក់រងរបួសនៅឯអាកាសយានដ្ឋានស៊ីវិលមួយក្នុងទីក្រុង Dammam ខណៈមនុស្ស ២នាក់ផ្សេងទៀតត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយដ្រូនលើទីតាំងប្រេងមួយកន្លែង។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថាក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាក្រសួងការបរទេសអាមេរិកបានបង្គាប់ឱ្យបុគ្គលិករដ្ឋាភិបាលអាមេរិកមិនមានភារកិច្ចចាំបាច់តែប៉ុណ្ណោះ និងសមាជិកគ្រួសាររបស់ពួកគេចាកចេញពីអារ៉ាប៊ីសាអូឌីត នៅចំពោះមុខការវាយប្រហារដោយក្រុមហ៊ូទីមានអ៉ីរ៉ង់ជាមេកើយមានមូលដ្ឋាននៅយេម៉ែនលើទីតាំងស៊ីវិលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត។ មន្ត្រីអាមេរិក៤នាក់បានប្រាប់ Reuters ទៀតថាសមាជិកគ្រួសាររបស់បុគ្គលិកនៃបេសកកម្មអាមេរិក នៅតាមបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ឈូងសមុទ្រពែក្សក៏នឹងត្រូវបានបង្គាប់ឱ្យចាកចេញផងដែរ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនទើបតែបានបញ្ជូនបុគ្គលិកការទូតមួយចំនួនត្រឡប់ទៅកាន់តំបន់មជ្ឈិមបូព៌ាវិញក្នុងពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានបុគ្គលិកទូតជាច្រើនត្រូវបានបង្គាប់ឱ្យចាកចេញ អំឡុងការវាយប្រហាររបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិក ក្រោយសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈ៕