FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន យល់ព្រមបើកកិច្ចចរចាសន្តិភាពត្រីភាគីជាមួយអ៊ុយក្រែន និងអាមេរិកឡើងវិញ នៅខែក្រោយ

21-10-2026 22:39

(សាំងភីធឺស្ប៊ឺក)៖ វិមានក្រឹមឡាំង បានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមបើកកិច្ចចរចាសន្តិភាពត្រីភាគីជាមួយអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកឡើងវិញ នៅដើមខែក្រោយ បន្ទាប់ពីលោក ពូទីន បានជួបពិភាក្សាជាមួយប្រេសិតពិសេសអាមេរិក លោក Steve Witkoff ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់វ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។

វិមានក្រឹមឡាំង បានបញ្ជាក់ថាកិច្ចចរចាសន្តិភាពត្រីភាគីថ្មីនេះ នឹងធ្វើឡើងក្នុងកម្រិតមន្ត្រីបច្ចេកទេស នៅក្នុងរដ្ឋធានីអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអារ៉ាប់រួម ដោយផ្តោតលើការធានាសន្តិសុខទៅវិញទៅមករវាងអ៊ុយក្រែន និងរុស្ស៊ី នៅពេលសង្គ្រាមត្រូវបានបញ្ចប់។ កិច្ចចរចានេះ អាចនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែវិច្ឆិកា ឬក្រោយកាលបរិច្ឆេទនេះ ខណៈកិច្ចចរចាសន្តិភាពចុងក្រោយបង្អស់ដែលសម្របសម្រួលដោយអាមេរិក ធ្លាប់បានធ្វើឡើងកាលពីខែកុម្ភៈ មុនពេលសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្ទុះឡើង។

ជំនួបផ្ទាល់រយៈពេលជិត ៣ ម៉ោងក្នុងទីក្រុងសាំងភីធឺស្ប៊ឺក បានចាប់ផ្តើមឡើងជាមួយនឹងកាយវិការសុច្ឆន្ទៈពីរុស្ស៊ី តាមរយៈការដោះលែងលោក Stephen Hubbard អតីតគ្រូបង្រៀនជនជាតិអាមេរិកដែលជាប់ឃុំតាំងពីឆ្នាំ២០២២។ យ៉ាងណាក្ដី ទីប្រឹក្សាវិមានក្រឹមឡាំង លោក Yuri Ushakov បានបង្ហើបថា រុស្ស៊ីនៅតែមិនទាន់ពេញចិត្តទាំងស្រុងចំពោះលទ្ធផលនៃកិច្ចពិភាក្សាដែលលោក Witkoff ទើបតែបានធ្វើឡើងកាលពីថ្ងៃអង្គារ នៅទីក្រុងអូស្លូ (Oslo) ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងតំណាងអង្គការណាតូនោះឡើយ បើទោះបីជាមន្ត្រីអាមេរិកអះអាងថាអ៊ុយក្រែនបានដាក់ចេញគំនិត និងសំណើថ្មីៗក៏ដោយ។

គួរបញ្ជាក់ថា ការយល់ព្រមបើកកិច្ចចរចាឡើងវិញនេះ ធ្វើឡើងចំពេលរដ្ឋាភិបាលក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កំពុងដកថយពីការគាំទ្រអ៊ុយក្រែន តាមរយៈការពន្យារពេលចែករំលែកព័ត៌មានចារកម្មមីស៊ីល និងការកម្រិតប្រព័ន្ធទូរគមនាគមន៍យោធារបស់ក្រុងកៀវ៕