តួកគីយ៉េ កាតា ប៉ាគីស្ថាន និងឥណ្ឌូណេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរួមគ្នា
21-10-2026 21:01
(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគីយ៉េ បានឱ្យដឹងថា ប្រទេសតួកគីយ៉េ កាតា ប៉ាគីស្ថាន និងឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ នៅថ្ងៃពុធនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងលើកកម្ពស់សមត្ថភាពយោធាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិតួកគីយ៉េ បានបញ្ជាក់ថា ប្រទេសទាំងបួនបានចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នា បាឌ័រ (Badr MoU)» នៅក្នុងរដ្ឋធានីដូហា ប្រទេសកាតា ដើម្បីធ្វើសមាហរណកម្ម និងពង្រីកភាពជាដៃគូការពារជាតិឱ្យកាន់តែស៊ីជម្រៅ។ កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការផលិតសព្វាវុធរួមគ្នា ការបង្កើនសមត្ថភាពយោធា ការបណ្តុះបណ្តាលបច្ចេកទេសយោធា ព្រមទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) តាមរយៈការទាញយកផលប្រយោជន៍ពីសមត្ថភាពឧស្សាហកម្មការពារជាតិនៃប្រទេសនីមួយៗ ដើម្បីបំពេញតម្រូវការរបស់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត និងមិត្តភាព។
គួរបញ្ជាក់ថា តួកគីយ៉េ ដែលមានកងទ័ពធំទីពីរក្នុងអង្គការណាតូ (NATO) និងមានឧស្សាហកម្មការពារជាតិដ៏រឹងមាំ បានជួយពង្រឹងវិស័យការពារជាតិដល់បណ្តាប្រទេសឈូងសមុទ្រ រួមទាំងកាតា ដែលតួកគីយ៉េមានមូលដ្ឋានយោធាឈរជើងស្រាប់ ចំពេលសង្គ្រាមអ៊ីរ៉ង់កំពុងបន្ត។ កាលពីខែសីហា តួកគីយ៉េក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមគ្នាមេកា ជាមួយប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីតផងដែរ ខណៈរដ្ឋធានីអង់ការ៉ាក៏មានទំនាក់ទំនងការពារជាតិយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូណេស៊ី៕
