FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ី ប្រកាសបញ្ជូនកប៉ាល់ដឹកប្រេងម៉ាស៊ូតដំបូងបង្អស់ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ

21-10-2026 20:15

(មូស្គូ)៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីនឹងបញ្ជូនកប៉ាល់ដឹកប្រេងម៉ាស៊ូតដំបូងគេបង្អស់ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។

លោក Novak បានបញ្ជាក់ថាកប៉ាល់ដឹកប្រេងដំបូងនេះ ផ្ទុកប្រេងម៉ាស៊ូតចំនួន ៤០,០០០ តោន ហើយឯកសារនីតិវិធីនៃការផ្គត់ផ្គង់ជិតបញ្ចប់សព្វគ្រប់ហើយ។ លោកបានសង្កត់ធ្ងន់ថា៖ «ការដឹកជញ្ជូនបន្ថែមនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមេដឹកនាំទាំងពីរសម្រេចបាន ហើយយើងនឹងជួយបំពេញតម្រូវការរបស់សហរដ្ឋអាមេរិកទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។ កន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថារុស្ស៊ីនឹងនាំចេញប្រេងម៉ាស៊ូត ៣០០,០០០ តោន (ប្រមាណ ២.២៥ លានបារ៉ែល) ភ្លាមៗ និង ៥០០,០០០ តោនទៀតក្នុងខែវិច្ឆិកា មុនពេលឈានដល់ការនាំចេញ ១ លានតោនបន្ថែមទៀត។

ការប្រកាសនេះ ធ្វើឡើងចំពេលលោក ពូទីន កំពុងទទួលស្វាគមន៍ប្រេសិតពិសេសអាមេរិក លោក Steve Witkoff ក្នុងទីក្រុងសាំងភីធឺស្ប៊ឺក នៅថ្ងៃពុធនេះ ដោយលោក Witkoff បានថ្លែងអំណរគុណលោក ពូទីន ចំពោះការសម្រេចដកបម្រាមនាំចេញប្រេង។ ជាមួយគ្នានេះ លោក ពូទីន បានគូសបញ្ជាក់ថាតម្លៃប្រេងម៉ាស៊ូតសកលបានធ្លាក់ចុះពី ៥% ទៅ ៦% ក្រោយពេលកិច្ចព្រមព្រៀងនេះត្រូវបានប្រកាស ហើយរុស្ស៊ីក៏ត្រៀមខ្លួនក្នុងការផ្គត់ផ្គង់ជីកសិកម្មក្នុងបរិមាណដ៏ច្រើនទៅកាន់ទីផ្សារអាមេរិកផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ីបានសម្រេចដកបម្រាមនាំចេញប្រេងម៉ាស៊ូតកាលពីថ្ងៃទី៩ ខែតុលា បន្ទាប់ពីបានសម្រេចកិច្ចព្រមព្រៀងជាមួយលោក ត្រាំ ដើម្បីបញ្ចេញប្រេងទៅកាន់ទីផ្សារពិភពលោក ខណៈកិច្ចព្រមព្រៀងប្រេងរវាងមហាអំណាចទាំងពីរនេះ បានបង្កជាភាពល្អក់កករ និងភាពតានតឹងយ៉ាងខ្លាំងក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន៕