ប្រេសិតលោក ត្រាំ ជួបលោក ពូទីន ស្នើឱ្យបើកកិច្ចចរចាសន្តិភាពត្រីភាគីរឿងអ៊ុយក្រែនឡើងវិញ និងទទួលបានការដោះលែងពលរដ្ឋអាមេរិក
21-10-2026 19:49
(សាំងភីធឺស្ប៊ឺក)៖ ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះ ដោយបានស្នើឱ្យក្រុងមូស្គូបើកកិច្ចចរចាសន្តិភាពត្រីភាគីស្ដីពីអ៊ុយក្រែនឡើងវិញ ខណៈរុស្ស៊ីបានសម្រេចដោះលែងពលរដ្ឋអាមេរិកម្នាក់ឱ្យមានសេរីភាពជាកាយវិការសុច្ឆន្ទៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។
ក្នុងជំនួបផ្ទាល់នៅទីក្រុងសាំងភីធឺស្ប៊ឺក (St. Petersburg) លោក ពូទីន បានសម្រេចដោះលែងលោក Stephen Hubbard វ័យ ៧៤ ឆ្នាំ ដែលជាអតីតគ្រូបង្រៀនជនជាតិអាមេរិក ជាប់ឃុំក្នុងប្រទេសរុស្ស៊ីតាំងពីឆ្នាំ២០២២ ពីបទជាប់ពាក់ព័ន្ធនឹងសកម្មភាពទាហានស៊ីឈ្នួលនៅអ៊ុយក្រែន។ ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើសុំដោយផ្ទាល់ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន កាលពីសប្តាហ៍មុន ខណៈលោក Witkoff បានកោតសរសើរចំណាត់ការរបស់មេដឹកនាំរុស្ស៊ីថាជា «កាយវិការមនុស្សធម៌»។
អំឡុងកិច្ចពិភាក្សា លោក Witkoff បានជំរុញឱ្យរុស្ស៊ីវិលត្រឡប់មករកតុចរចាសន្តិភាពត្រីភាគី រវាងអាមេរិក អ៊ុយក្រែន និងរុស្ស៊ី ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាម ខណៈលោក ពូទីន បានបង្ហើបពីលទ្ធភាពដែលរូបលោក និងលោក ត្រាំ អាចនឹងជួបគ្នាដោយផ្ទាល់នៅក្នុងប្រទេសចិន នាពេលខាងមុខ។
គួរបញ្ជាក់ថា ជំនួបការទូតនេះ ធ្វើឡើងស្របពេលរដ្ឋបាលលោក ត្រាំ កំពុងព្យាយាមជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់លើវិស័យថាមពល និងកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីរុស្ស៊ី ដើម្បីទាញទម្លាក់ថ្លៃប្រេងឥន្ធនៈមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក ទោះបីជាក្រុងកៀវធ្លាប់បានសម្តែងការមិនពេញចិត្ត និងត្អូញត្អែរពីការរអាក់រអួលក្នុងការចែករំលែកព័ត៌មានចារកម្មពីសំណាក់វ៉ាស៊ីនតោនក៏ដោយ៕


