សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
21-10-2026 19:34
(គូឡាឡាំពួ)៖ សារព័ត៌មានម៉ាឡេស៊ី The Vibes.com នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានចុះផ្សាយថា ថៃបានក្លាយជាទ្វារឆ្លងកាត់ដ៏សំខាន់សម្រាប់ការប្រព្រឹត្តអំពើ ចាប់ជំរិត និង Scam ក្នុងតំបន់អាស៊ីអាគ្នេយ៍។
សារព័ត៌មានេះ ក៏បានដកស្រង់សេចក្តីណែនាំរបស់ស្ថានទូតចិន ប្រចាំប្រទេសថៃ ជំរុញឱ្យពលរដ្ឋចិនរៀបចំផែនការ ធ្វើដំណើរដោយប្រុងប្រយ័ត្ន ប្រើប្រាស់តែមធ្យោបាយធ្វើដំណើរដែលមានអាជ្ញាបណ្ណត្រឹមតែប៉ុណ្ណោះ ហើយបដិសេធការជិះដោយឥតគិត ថ្លៃពីជនចម្លែក ឬអ្នកស្គាល់គ្នា និងជៀសវាងការផ្លាស់ប្តូរផ្លូវធ្វើដំណើរភ្លាមៗ ជាពិសេសផ្លូវដែលឆ្ពោះទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ អ្នកមានឥទ្ធិពល សិល្បករ និងអ្នកសម្ដែងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះការផ្តល់ការងារ ឬការសម្តែងដែលមានប្រាក់ខែខ្ពស់ ដែលនេះអាចត្រូវបានប្រើជានុយ ក្នុងការចាប់ពង្រត់ពីថៃទៅកាន់ព្រំដែនមីយ៉ាន់ម៉ា។
បណ្តាញឧក្រិដ្ឋកម្មបានល្បួងជនរងគ្រោ ដែលភាគច្រើនជាពលរដ្ឋចិន។ ប៉ុន្តែបច្ចុប្បន្ន ពួកឧក្រិដ្ឋជនក៏បានកំណត់គោលដៅលើពលរដ្ឋនៃបណ្ដាប្រទេសផ្សេងទៀតដែរ ជាមួយនឹងការសន្យាផ្តល់ការងារដែលមានប្រាក់ចំណេញខ្ពស់ ឱកាសវិនិយោគ ឬគម្រោងថតភាពយន្ត។
តាមសារព័ត៌មានម៉ាឡេស៊ី បានបកអាក្រាតថា នៅពេលទៅដល់ប្រទេសថៃ ជាពិសេសក្នុងទីក្រុងបាងកក ឬទីក្រុងធំៗផ្សេងទៀត ជនរងគ្រោះត្រូវបានឃុំខ្លួន រងការវាយដំ ត្រូវបានដឹកជញ្ជូនដោយបង្ខំ និងចុងក្រោយ ត្រូវបានជួញដូរឆ្លងកាត់ព្រំដែនចូលទៅក្នុងទីតាំង Scam ដែលភាគច្រើនស្ថិតនៅក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា។ នៅទីនោះ ពួកគេត្រូវបានបង្ខំឱ្យដំណើរការប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត ដែលពាក់ព័ន្ធនឹង ការបោកប្រាស់ស្នេហា ឱកាសអាជីវកម្មក្លែងក្លាយ គម្រោងវិនិយោគ ការបោកប្រាស់ក្រោមរូបភាពសប្បុរសធម៌ នៅក្រោមរូបគំរាមកំហែងពីការចោទប្រកាន់ព្រហ្មទណ្ឌ និងការបោកប្រាស់ជាច្រើនផ្សេងទៀត។
ជនរងគ្រោះត្រូវបានដកហូតលិខិតឆ្លងដែន ទទួលរងការគំរាមកំហែង ការវាយដំ និងការបង្ខំឱ្យធ្វើការដែលបង្កើតចំណូលខុសច្បាប់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ករណីដ៏ល្បីមួយបានកើតឡើងកាលពី ឆ្នាំ២០២៥ នោះគឺការចាប់ជំរិតតារាសម្ដែងចិនម្នាក់ឈ្មោះ Wang Xing ដែលបានបាត់ខ្លួនក្នុងពេលថតភាពយន្ដក្នុងប្រទេសថៃ និងត្រូវបានរាយការណ៍ថាត្រូវបានដឹកទៅកាន់មីយ៉ាន់ម៉ា។ ករណី Scam មានពាក់ព័ន្ធនឹងតារាសម្ដែងចិនរូបនេះ បានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរចិនទៅកាន់ប្រទេសថៃ៕
