FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនថាកំពុងការពារសណ្តាប់ធ្នាប់ នៅកូនកោះមួយគ្រប់គ្រងដោយតៃវ៉ាន់ ក្នុងសមុទ្រចិនខាងត្បូង

21-10-2026 16:03

(ប៉េកាំង)៖ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ រដ្ឋាភិបាលចិន បាននិយាយថាកងកម្លាំងឆ្មាំសមុទ្រកំពុងការពារសណ្តាប់ធ្នាប់ នៅជុំវិញកូនកោះផ្កាថ្មមួយគ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលស្ថិតនៅទីតាំងយុទ្ធសាស្ត្រសំខាន់ផ្នែកខាងលើនៃសមុទ្រចិនខាងត្បូង ខណៈតៃវ៉ាន់បារម្ភថា ប៉េកាំងកំពុងព្យាយាមអនុវត្តអំណាចយុត្តាធិការរបស់ខ្លួនលើតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ចាប់តាំងពីថ្ងៃអាទិត្យមក តៃវ៉ាន់បានរាយការណ៍អំពីហេតុការណ៍ពីរលើក ដែលនាវាឆ្មាំសមុទ្រចិនចូលទៅជិតកោះ Pratas ដោយចោទប្រកាន់ទីក្រុងប៉េកាំងថាបានប្រព្រឹត្តសកម្មភាពបង្កហេតុ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានលើកឡើងថា ប៉េកាំងមានអធិបតេយ្យលើបណ្តាកោះនានាក្នុងសមុទ្រចិនខាងត្បូង រួមទាំងកោះ Pratas និងដែនទឹកនៅជុំវិញនោះ។ លោក Zhang Han គូសបញ្ជាក់ថា «នាវាឆ្មាំសមុទ្រចិន ដែលកំពុងល្បាតដើម្បីអនុវត្តច្បាប់នៅក្នុងដែនទឹកពាក់ព័ន្ធនោះ គឺកំពុងបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ដោយធានានូវការធ្វើនាវាចរណ៍ជាប្រក្រតី និងសណ្តាប់ធ្នាប់នៃប្រតិបត្តិការនានា»។

គួរបញ្ជាក់ថា កូនកោះ Pratas មិនមានប្រជាជនស៉ីវិលរស់នៅអចិន្ត្រៃយ៍ឡើយ ហើយវាស្ថិតនៅចន្លោះតំបន់ភាគខាងត្បូងនៃកោះតៃវ៉ាន់ និងទីក្រុងហុងកុង។ អ្នកជំនាញផ្នែកសន្តិសុខយល់ឃើញថា កូនកោះនេះងាយរងការប្រើកម្លាំងយោធាពីសំណាក់ប្រទេសចិន ដោយសារតែវាស្ថិតនៅឆ្ងាយពីកោះតៃវ៉ាន់ គឺចម្ងាយជាង ៤០០គីឡូម៉ែត្រ៕