អង្គការសហប្រជាជាតិ មើលឃើញថាកម្ដៅផែនដីនឹងកើនឡើងខ្ពស់ជាងការព្យាករពីមុន សូម្បីតែនៅក្នុងសេណារីយ៉ូល្អបំផុត (Video inside)
21-10-2026 15:47
(ឡុងដ៏)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាការឡើងកម្ដៅផែនដី ត្រូវបានព្យាករណ៍ថានឹងមានលើសពីកម្រិតប៉ាន់ស្មានមុនៗ សូម្បីតែនៅក្នុងលក្ខខណ្ឌល្អបំផុតក៏ដោយ ក៏សីតុណ្ហភាពជាមធ្យមអាចកើនថែម ១,៧ ទៅ ១,៨អង្សាសេ ដែលជាកំណើនមួយខ្ពស់ជាងកាលពីមុនសម័យឧស្សាហកម្ម ត្រឹមពាក់កណ្តាលសតវត្សរ៍នេះទៅទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។
តាមរបាយការណ៍ពីកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចាំបាច់ត្រូវកាត់បន្ថយឱ្យបានដល់ ១៨ភាគរយ ត្រឹមឆ្នាំ២០៣០ ៤៥ភាគរយនៅឆ្នាំ២០៣៥ និង ៦៩ភាគរយនៅឆ្នាំ២០៤០។ ផែនការជាតិបច្ចុប្បន្នអាចកាត់បន្ថយការបញ្ចេញឧស្ម័ន បានត្រឹមតែ ៥ ទៅ៨ភាគរយនៅឆ្នាំ២០៣០ និងពី ១១ ទៅ១៥ភាគរយនៅឆ្នាំ២០៣៥ប៉ុណ្ណោះ។
របាយការណ៍នេះបានព្យាករណ៍ថា សីតុណ្ហភាពពិភពលោក នឹងកើន ២.៨អង្សាសេនៅត្រឹមឆ្នាំ២១០០ ក្រោមគោលនយោបាយបច្ចុប្បន្ន ឬ ២.៦អង្សាសេ ប្រសិនបើបណ្តាប្រទេសនានាអនុវត្តការសន្យាដែលមានស្រាប់ ទាក់ទងនឹងបញ្ហាអាកាសធាតុឱ្យបានពេញលេញ។ ការប៉ាន់ប្រមាណទាំងពីរនេះគឺខ្ពស់ជាងការព្យាករឆ្នាំមុន ដោយឆ្លុះបញ្ចាំងពីការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris Agreement) និងការវាយតម្លៃឡើងវិញលើទិន្នន័យនៃការបំភាយឧស្ម័នកាលពីអតីតកាល។
ប្រមុខ UN លោក António Guterres និយាយថាវាជារឿងសំខាន់បំផុតដែលមិនត្រូវបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការបំភាយឧស្ម័ន ដែលជាកត្តាជំរុញឱ្យកើតមានទឹកជំនន់ ភ្លើងឆេះ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។ លោកបានគូសបញ្ជាក់ថា «មានកំណើនកម្តៅ មិនមែនមានន័យថាយើងមិនអាចធ្វើចុះត្រជាក់វិញបាននោះទេ។ យើងនៅតែអាចរក្សាវាឱ្យលើកម្រិតដដែល និងបញ្ចុះវាតាមដែលអាចធ្វើទៅបាន ហើយធ្វើឱ្យសីតុណ្ហភាពត្រឡប់មកកើនត្រឹមតែកម្រិត ១.៥អង្សាសេ នៅចុងសតវត្សន៍»៕


