បេសកជនជប៉ុន ជួបមេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing ក្នុងទីក្រុងណៃពិដោ (Video inside)
21-10-2026 15:28
(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានឱ្យដឹងថា មេដឹកនាំ លោក Min Aung Hlaing បានជួបសប្បុរសជនជនជាតិជប៉ុន និងជាបេសកជនពិសេសរបស់ជប៉ុនទទួលបន្ទុកការផ្សះផ្សានៅមីយ៉ាន់ម៉ា លោក Yohei Sasakawa នៅក្នុងរដ្ឋធានីណៃពិដោ ខណៈដែលសហគមន៍អន្តរជាតិ កំពុងធ្វើទំនាក់់ទំនងជាមួយប្រទេសអាស៊ាននេះឡើងវិញ ក្រោយដាក់ឱ្យឯកោផ្នែកការទូតអស់ច្រើនឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។
កាសែតរដ្ឋ Global New Light of Myanmar រាយការណ៍ថា លោក Sasakawa ប្រធានកិត្តិយសនៃមូលនិធិ Nippon បានជួបលោក Min Aung Hlaing កាលពីថ្ងៃអង្គារ ហើយការពិភាក្សាគឺទៅលើផែនការសម្រាប់ឱ្យលោក Sasakawa ផ្តល់ជំនួយដល់ដំណើរការសន្តិភាពផ្ទៃក្នុងមីយ៉ាន់ម៉ា ព្រមទាំងការគាំទ្រពីមូលនិធិសម្រាប់ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ភក្រសួងការបរទេសជប៉ុនមិនទាន់ឆ្លើយចំពោះសំណើសុំការអត្ថាធិប្បាយទេ ជុំវិញទស្សនកិច្ចនៃលោក Sasakawa ដែលជាបុគ្គលចូលរួមយ៉ាងសកម្មយូរមកហើយ ក្នុងការងារសម្របសម្រួលរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធប្រឆាំងយោធា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយមីយ៉ាន់ម៉ា ដោយបើកកិច្ចពិភាក្សាមួយនៅទីក្រុងតូក្យូ ក្នុងខែតុលា។ នៅខែដដែលនេះ អ្នកតំណាងស្តីទីរបស់ជប៉ុនប្រចាំនៅមីយ៉ាន់ម៉ា ក៏បានជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បន្ទាប់ពី លោក Hiromichi Watanabe សមាជិកសភាមកពីគណបក្សកាន់អំណាចរបស់ជប៉ុន ទៅបំពេញទស្សនកិច្ចនៅទីក្រុងណៃពិដោ កាលពីខែកញ្ញា៕


