FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ប្រាប់ឱ្យកងទ័ពនៅតាមព្រំដែនចាត់វិធានការម៉ឺងម៉ាត់ភ្លាមៗ បើកូរ៉េខាងត្បូងគំរាមកំហែងសុវត្ថិភាពរបស់ពួកគេ (Video inside)

21-10-2026 14:53

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថា កងទ័ពកូរ៉េខាងជើង ដែលឈរជើងនៅតាមព្រំដែន ទទួលបានបទបញ្ជាឱ្យចាត់វិធានការម៉ឺងម៉ាត់ភ្លាមៗ ប្រសិនបើកងកម្លាំងកូរ៉េខាងត្បូង បង្កការគំរាមកំហែងចំពោះសុវត្ថិភាពរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក Pak Jong Chon ដែលជាសេនាប្រមុខនៃកងទ័ពកូរ៉េខាងជើង បានចុះត្រួតពិនិត្យការពង្រឹងការការពារ នៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ដោយមានការអមដំណើរពីលោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។

សេចក្តីរាយការណ៍ខាងលើ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានប្រកាសប្ដេជ្ញាថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្កហេតុណាមួយថែមទៀតពីសំណាក់ទីក្រុងព្យុងយ៉ាង ប្រសិនបើកូរ៉េខាងជើងពិតជាធ្វើតាមការគំរាមរបស់ខ្លួន ក្នុងការពង្រឹងវត្តមានយោធានៅតាមព្រំដែន។

គួរបញ្ជាក់ថា ភាពតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានកើនឡើង ចាប់តាំងពីទីក្រុងព្យុងយ៉ាង ចាប់ផ្ដើមពង្រឹងការការពារតាមព្រំដែន កាលពីក្នុងខែមេសា ឆ្នាំ២០២៤។ ប្រទេសទាំងពីរ ត្រូវបានខណ្ឌចែកដោយតំបន់ទ្រនាប់គ្មានយោធា ហៅថា DMZ ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីសង្គ្រាមកូរ៉េ បានបិទបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ ក្នុងឆ្នាំ១៩៥៣៕