លោក Rubio ថាការយឺតយ៉ាវក្នុងការប្រគល់មីស៊ីលស្ទាក់ចាប់ឱ្យអ៊ុយក្រែន មិនមែនដោយសារហេតុផលនយោបាយឡើយ
20-10-2026 22:28
(បុមបៃ)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ថា កញ្ចប់គ្រាប់មីស៊ីលស្ទាក់ចាប់ដែលទិញសម្រាប់អ៊ុយក្រែន ក្រោមកម្មវិធី PURL អាចនឹងមិនទាន់បានដឹកជញ្ជូនទៅដល់ដៃក្រុងកៀវនៅឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា រឿងនេះមិនជាប់ពាក់ព័ន្ធនឹងចេតនានយោបាយណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា លោក រូប៊ីអូ បានសង្កត់ធ្ងន់ថា៖ «ចំណុចសំខាន់ គឺមិនមានបទបញ្ជា ឬការណែនាំនយោបាយណាមួយក្នុងចេតនាធ្វើបាបអ៊ុយក្រែនឡើយ ហើយក៏គ្មានអ្វីដែលត្រូវបានបដិសេធមិនផ្ដល់ឱ្យអ៊ុយក្រែនដោយចេតនានោះដែរ»។ លោកបានបន្ថែមថា លោកទើបតែបានជួបសន្ទនាតាមទូរស័ព្ទរយៈពេល ៤៥ នាទី ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាលើបញ្ហាមីស៊ីលស្ទាក់ចាប់មីស៊ីលបាលីស្ទិក ប្រព័ន្ធផ្ដល់សញ្ញាព្រមានជាមុនពីការវាយប្រហាររបស់រុស្ស៊ី និងការស្ដារឡើងវិញនូវសេវាផ្កាយរណប Starlink និង Starshield។
ការចេញមុខបំភ្លឺរបស់លោក រូប៊ីអូ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth មិនទាន់បានចុះហត្ថលេខាអនុញ្ញាតឱ្យបញ្ជូនកញ្ចប់សព្វាវុធអាមេរិកចុងក្រោយ ដែលសម្ព័ន្ធមិត្តណាតូ (NATO) បានបញ្ជាទិញឱ្យអ៊ុយក្រែនក្រោមយន្តការ PURL នៅឡើយទេ ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទប្រកាន់ថា មន្ទីរបញ្ចកោណបានពន្យារពេលបញ្ជូនមីស៊ីលទាំងនោះ ចំពេលទំនាក់ទំនងរវាងក្រុងកៀវ និងវ៉ាស៊ីនតោន កំពុងធ្លាក់ចុះដុនដាប។
គួរបញ្ជាក់ថា ភាពរកាំរកូសរវាងប្រទេសទាំងពីរបានផ្ទុះឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អាមេរិកបានគំរាមផ្អាកយន្តការ PURL និងកាត់ផ្ដាច់ព័ត៌មានចារកម្ម ដើម្បីដាក់សម្ពាធឱ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ស្របពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់លើវិស័យថាមពលរវាងអ៊ុយក្រែន និងរុស្ស៊ី៕
