FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក

20-10-2026 22:20

(រ៉យទ័រ)៖ ការវិភាគទិន្នន័យស៊ីជម្រៅរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានរកឃើញនៅថ្ងៃអង្គារនេះថា រលកកម្ដៅនៅលើភពផែនដីបានវិវត្តយ៉ាងឆាប់រហ័ស ពីបាតុភូតដាច់ដោយឡែកធម្មតា ទៅជា «ព្យុះកម្ដៅ (Heat storms)» ដ៏ធំសម្បើមដែលអាចគ្របដណ្ដប់លើផ្ទៃផែនដីរាប់ខែ ឬរាប់ឆ្នាំ ខណៈព្យុះកម្ដៅដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រដែលទើបតែកត់ត្រាបាន បានលាតសន្ធឹងគ្របដណ្ដប់លើ ៨៥% នៃពិភពលោក និងបានអូសបន្លាយដល់ទៅ ៣៦៧ ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦។

ក្នុងការស្រាវជ្រាវនេះ Reuters បានពិគ្រោះយោបល់ជាមួយអ្នកជំនាញឧតុនិយម និងអាកាសធាតុរាប់សិបនាក់ ព្រមទាំងវិភាគទិន្នន័យសីតុណ្ហភាពតាំងពីឆ្នាំ១៩៦០ ដោយបានបង្កើតនិយមន័យថ្មីនៃ «ព្យុះកម្ដៅ» ដែលជាបាតុភូតរលកកម្ដៅយក្សគ្របដណ្តប់លើផ្ទៃផែនដីយ៉ាងហោច ១%។ របាយការណ៍បានរកឃើញថា ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ព្យុះកម្ដៅកើតឡើងជាមធ្យមត្រឹមតែ ៥ លើកក្នុងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្នុងទសវត្សរ៍នេះ ចំនួនព្យុះកម្ដៅបានកើនឡើងដល់ជាមធ្យម ១០២ លើកក្នុងមួយឆ្នាំ ហើយចាប់តាំងពីឆ្នាំ២០០៨ មក ភពផែនដីស្ទើរតែមិនដែលអវត្តមានព្យុះកម្ដៅសូម្បីតែមួយថ្ងៃឡើយ។

ព្យុះកម្ដៅដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានប្រសិទ្ធនាមថា «Vera» បានកើតឡើងចន្លោះឆ្នាំ២០២៣-២០២៤ ដោយបានបង្កគ្រោះមហន្តរាយទូទាំងសកលលោក ចាប់តាំងពីការរុញច្រានសីតុណ្ហភាពនៅទីក្រុងមេកា ដល់ ៥១.៨ អង្សាសេ សម្លាប់អ្នកធ្វើធម្មយាត្រាជាង ១,៣០០ នាក់ ការដុតបញ្ឆេះភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុបនៅប្រទេសក្រិក រហូតដល់ការធ្វើឱ្យទឹកបឹងនៅតំបន់ព្រៃអាម៉ាហ្សូនឡើងកម្តៅដល់ ៤១ អង្សាសេ សម្លាប់សត្វផ្សោតពណ៌ផ្កាឈូកជាង ២០០ ក្បាល។

គួរបញ្ជាក់ថា កម្ដៅខ្លាំងគឺជាឃាតករស្ងាត់ដ៏កាចសាហាវបំផុតដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដោយបានសម្លាប់មនុស្សជិតកន្លះលាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ខណៈការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលកើនឡើងជាង ៣០% ធៀបនឹងទសវត្សរ៍ឆ្នាំ១៩៦០ រួមផ្សំនឹងបាតុភូត El Niño បានក្លាយជាកត្តាជំរុញឱ្យព្យុះកម្ដៅទាំងនេះកាន់តែមានទំហំធំ និងមានឥទ្ធិពលបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើង៕