ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូទី លើជំរំហ្វឹកហ្វឺនទាហានយេម៉ែន កើនឡើងដល់ ៧៣ នាក់
20-10-2026 21:14
(អាដែន)៖ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់ក្រុមប្រដាប់អាវុធហ៊ូទី (Houthi) លើជំរំហ្វឹកហ្វឺនកងទ័ពរដ្ឋាភិបាលយេម៉ែន ក្នុងខេត្តសាប់វ៉ា (Shabwa) កាលពីថ្ងៃចន្ទ បានកើនឡើងដល់ ៧៣ នាក់ហើយ នៅថ្ងៃអង្គារនេះ ខណៈមនុស្សជាង ២០០ នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦។
អភិបាលខេត្ត Shabwa លោក Awad Ibn al-Wazir បានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងរបួសភាគច្រើន គឺជាទាហានទើបជ្រើសរើសថ្មី ដែលកំពុងធ្វើសមយុទ្ធហ្វឹកហ្វឺននៅជំរំយោធា al-Alam នៅពេលដែលក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ស្រោចមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ចំទីតាំងនោះ។ នេះគឺជាការវាយប្រហារដ៏បង្ហូរឈាម និងសម្លាប់មនុស្សច្រើនបំផុតក្នុងប្រទេសយេម៉ែន គិតចាប់តាំងពីការប្រយុទ្ធគ្នាបានកើនកម្ដៅខ្លាំងកាលពីខែកក្កដាកន្លងទៅ។
គួរបញ្ជាក់ថា ការវាយប្រហារនេះ ធ្វើឡើងចំពេលកងទ័ពរដ្ឋាភិបាលយេម៉ែន គាំទ្រដោយសម្ព័ន្ធភាពអារ៉ាប៊ីសាអូឌីត បានបើកប្រតិបត្តិការវាយដណ្តើមយកទឹកដីក្បែរច្រកសមុទ្រយុទ្ធសាស្ត្របាប់អែលម៉ាន់ដេប (Bab el-Mandeb) មកវិញ ខណៈក្រុមហ៊ូទីកំពុងឡោមព័ទ្ធទីក្រុងតាអុីស (Taiz) និងបង្កើនការវាយប្រហារដោយមីស៊ីល និងដ្រូនជាញឹកញាប់លើទីតាំងប្រេង និងព្រលានយន្តហោះក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕
