FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តួកគីយ៉េ បញ្ជូនសន្ធិសញ្ញាការពារជាតិជាមួយអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ទៅសភាដើម្បីអនុម័ត

20-10-2026 19:30

(អង់ការ៉ា)៖ ប្រទេសតួកគីយ៉េ បានបញ្ជូនកិច្ចព្រមព្រៀងការពារជាតិត្រីភាគីជាមួយប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត ទៅកាន់រដ្ឋសភាដើម្បីផ្តល់សច្ចាប័ន នៅថ្ងៃអង្គារនេះ ដែលជាជំហានរុញច្រានកងទ័ពធំទីពីររបស់ណាតូ (NATO) ឱ្យខិតកាន់តែកៀកនឹងការសន្យាការពារគ្នាយ៉ាងពេញលេញជាមួយរដ្ឋធានីរីយ៉ាដ ចំពេលអារ៉ាប៊ីសាអូឌីតកំពុងរងការវាយប្រហារពីក្រុមហ៊ូទី (Houthi)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦។

ប្រទេសទាំងបី បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងការពារជាតិរួមគ្នាមេកា» កាលពីខែសីហា ដោយកំណត់ថា ការវាយប្រហារលើសមាជិកណាមួយ គឺចាត់ទុកស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់។ យ៉ាងណាក្ដី រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក Hakan Fidan បានបញ្ជាក់ច្បាស់ៗថា នេះមិនមែនជា «កិច្ចព្រមព្រៀងវាយប្រហារ» ឡើយ ហើយតួកគីយ៉េនឹងមិនបញ្ជូនកងទ័ពទៅវាយប្រហារលើទឹកដីប្រទេសដទៃនោះទេ ខណៈមន្ត្រីជាន់ខ្ពស់តួកគីយ៉េម្នាក់បង្ហើបថា ការចូលរួមរបស់តួកគីយ៉េនឹងផ្ដោតសំខាន់លើការផ្ដល់សព្វាវុធ បរិក្ខារយោធា និងការចែករំលែកព័ត៌មានសម្ងាត់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា តួកគីយ៉េដែលជាប្រទេសមានឧស្សាហកម្មយោធាដ៏រឹងមាំ បានថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត ព្រមទាំងយល់ព្រមចូលរួមក្នុងសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីធានាសន្តិសុខនាវាចរណ៍នៅសមុទ្រក្រហម និងជួយបំពេញតម្រូវការបច្ចេកវិទ្យាយោធារបស់រដ្ឋធានីរីយ៉ាដផងដែរ៕