លោក ម៉ាកូ រូប៊ីអូ បំពេញទស្សនកិច្ចនៅឥណ្ឌា ផ្ដោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបញ្ហាប្រេងរុស្ស៊ី
20-10-2026 18:57
(បុមបៃ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានអញ្ជើញដល់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារនេះ ស្របពេលប្រទេសទាំងពីរកំពុងស្វះស្វែងឈានទៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក្រោយលោក ដូណាល់ ត្រាំ បានពន្យារពេលការដំឡើងពន្ធលើទំនិញនាំចូលពីឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនេះ លោក រូប៊ីអូ គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar និងមហាសេដ្ឋី Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries ដែលគ្រប់គ្រងរោងចក្រចម្រាញ់ប្រេងធំបំផុតលើពិភពលោក។ មន្ត្រីនៃប្រទេសទាំងពីរបានបង្ហើបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយរវាងអាមេរិក និងឥណ្ឌា ជិតសម្រេចបានទាំងស្រុងហើយ ដែលអាចនឹងឈានដល់ការចុះហត្ថលេខាជាផ្លូវការអំឡុងពេលទស្សនកិច្ចនេះតែម្តង។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយលោក ត្រាំ បានដកឧបសគ្គដ៏ធំមួយចេញ ដោយសម្រេចលើកលែងការពិន័យពន្ធលើឥណ្ឌា ចំពោះការបន្តទិញប្រេងឆៅពីរុស្ស៊ី។ លោក រូប៊ីអូ បានបញ្ជាក់ថា ឥណ្ឌាបានស្ម័គ្រចិត្តកាត់បន្ថយការពឹងផ្អែកលើប្រេងរុស្ស៊ីជាបណ្តើរៗហើយ ហើយប្រទេសនេះនៅតែជាដៃគូ និងសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សម្ពាធរបស់អាមេរិកលើឥណ្ឌារឿងប្រេងរុស្ស៊ី បានថមថយឥទ្ធិពល បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ខ្លួនឯង បានចុះកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីរុស្ស៊ីកាលពីសប្តាហ៍មុន ដើម្បីទាញទម្លាក់ថ្លៃប្រេងក្នុងស្រុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ខណៈឥណ្ឌាត្រូវនាំចូលប្រេងឆៅជាង ៨៥% ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន៕

