ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
19-10-2026 22:55
(មូស្គូ)៖ ក្រុមអ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី កំពុងបង្ហាញការពេញចិត្តចំពោះការបែកបាក់ទំនាក់ទំនងជាសាធារណៈរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែក្រុងមូស្គូនៅតែមិនទាន់ហ៊ានអបអរសាទរខ្លាំងពេកឡើយ ដោយសារភាពមិនច្បាស់លាស់នៃនយោបាយរបស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។
ភាពតានតឹងរវាងវ៉ាស៊ីនតោន និងក្រុងកៀវ បានផ្ទុះឡើងខ្លាំងបន្ទាប់ពីលោក ត្រាំ បានរិះគន់លោក ហ្សេលេនស្គី ម្តងហើយម្តងទៀត រហូតដល់លើកឡើងថា «ដល់ពេលដែលអ៊ុយក្រែនត្រូវមានប្រធានាធិបតីថ្មីហើយ»។ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានសរសេរចំអកលើបណ្តាញ Telegram ថា បុរសដែលធ្លាប់ត្រូវគេចាត់ទុកជា «វីរបុរសប្រចាំឆ្នាំ» រូបនេះ ឥឡូវត្រូវបានអតីតចៅហ្វាយនាយរបស់ខ្លួនចាត់ទុកជាឧបសគ្គដល់សន្តិភាព និងផលប្រយោជន៍អាមេរិកទៅវិញ។ ចំណែកលោក Kirill Dmitriev តំណាងសេដ្ឋកិច្ចរបស់លោក ពូទីន បានលើកឡើងថា ការដែលលោក ហ្សេលេនស្គី ហ៊ានវាយបកលើលោក ត្រាំ គឺជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ ហើយអំនួតនេះនឹងនាំមកនូវផលវិបាកជាមិនខាន។
ទោះជាយ៉ាងណា ថ្នាក់ដឹកនាំជាច្រើននៅក្រុងមូស្គូ នៅតែបង្ហាញការសង្ស័យ និងយល់ឃើញថា ភាពប្រេះឆានេះមិនទាន់ផ្តល់ផលចំណេញជាក់ស្តែងណាមួយដល់រុស្ស៊ីនៅឡើយទេ។ លោក Sergei Mironov មេដឹកនាំគណបក្ស Just Russia ក្នុងសភា បានកត់សម្គាល់ថា ចំណាត់ការរបស់លោក ត្រាំ គ្រាន់តែជាការលេងល្បែងនយោបាយក្នុងស្រុកដើម្បីទាក់ទាញសន្លឹកឆ្នោតមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែក្រោយប៉ុណ្ណោះ ដោយសារលោក ត្រាំ ត្រូវការទម្លាក់ថ្លៃប្រេង និងត្រូវការរកអ្នកទទួលកំហុសជំនួសខ្លួន។ លើសពីនេះ រុស្ស៊ីក៏ធ្លាប់មានមេរៀន និងខកចិត្តចំពោះការប្តូរជំហរភ្លាមៗរបស់លោក ត្រាំ កាលពីអាណត្តិមុនផងដែរ។
គួរបញ្ជាក់ថា ផលប្រយោជន៍ជាក់ស្ដែងបំផុតសម្រាប់រុស្ស៊ីនាពេលនេះ គឺការដែលអ៊ុយក្រែនបានជួបការរអាក់រអួលក្នុងការទទួលព័ត៌មានសម្ងាត់សម្រាប់ប្រកាសអាសន្នមីស៊ីលពីរដ្ឋបាលលោក ត្រាំ និងការរឹតត្បិតលើការប្រើប្រាស់ប្រព័ន្ធផ្កាយរណប Starshield។ អ្នកវិភាគរុស្ស៊ី លោក Sergey Poletaev បានសរសេរលើបណ្ដាញ RT ថារុស្ស៊ីត្រូវតែអត់ធ្មត់ ព្រោះទោះបីជាលោក ហ្សេលេនស្គី បានជ្រើសរើសផ្លូវប្រឈមមុខហើយក្ដី ប៉ុន្តែសំណួរនៅត្រង់ថា តើវ៉ាស៊ីនតោននឹងអាចទ្រាំទ្រនឹងផលវិបាកនេះបានយូរប៉ុណ្ណា៕
