រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីស្វែងរកការសម្របសម្រួលបញ្ចប់សង្គ្រាម
19-10-2026 21:52
(តេអេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គី ឡាវរ៉ូវ (Sergey Lavrov) បានអញ្ជើញដល់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាបានផ្ទុះឡើង ខណៈក្រុងមូស្គូកំពុងស្វះស្វែងដើរតួនាទីជាអ្នកសម្របសម្រួលបញ្ចប់ជម្លោះ។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។
ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា លោក ឡាវរ៉ូវ គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ពេហ្សេសគីយ៉ាន (Masoud Pezeshkian) និងរដ្ឋមន្ត្រីការបរទេស លោក អាប់បាស អារ៉ាក់ជី (Abbas Araghchi)។ អ្នកការទូតជើងចាស់រូបនេះ បានបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងមូស្គូ មានគោលដៅ «ទប់ស្កាត់កុំឱ្យសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើងសារជាថ្មី» ចំពេលដែលកិច្ចចរចារវាងក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន កំពុងជាប់គាំង។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់លោក ពេហ្សេសគីយ៉ាន កាលពីដើមខែតុលាថា ក្រុងមូស្គូត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួល។
កិច្ចពិភាក្សានេះ នឹងផ្ដោតលើការស្វែងរកដំណោះស្រាយចំពោះវិបត្តិអន្តរជាតិដ៏ស្រួចស្រាល់ ដែលបង្កឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ សង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងតាំងពីខែកុម្ភៈ ហើយបើទោះជាធ្លាប់មានបទឈប់បាញ់បណ្តោះអាសន្នកាលពីខែមេសាក៏ដោយ ក៏ជម្លោះនៅជុំវិញច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូស (Hormuz) នៅតែមិនទាន់ស្ងប់ស្ងាត់ឡើយ ដោយសារអ៊ីរ៉ង់បន្តកំណត់គោលដៅលើកប៉ាល់ដែលឆ្លងកាត់ដោយគ្មានការអនុញ្ញាត រីឯសហរដ្ឋអាមេរិកក៏បន្តការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែអ៊ីរ៉ង់ដូចគ្នា។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដែលជាប្រទេសរងទណ្ឌកម្មធ្ងន់ធ្ងរបំផុតទាំងពីរលើពិភពលោក បានរក្សាទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយគ្នា ដោយកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងឡើងចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ២០២២ មកម្ល៉េះ៕
