FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក រូប៊ីអូ ច្រានចោលការលើកឡើងរបស់លោក ហ្សេលេនស្គី រឿងអាមេរិកផ្អាកផ្ដល់ព័ត៌មានសម្ងាត់

19-10-2026 20:03

(សាម៉ាកាន់)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) នៅថ្ងៃចន្ទនេះ បានច្រានចោលការលើកឡើងដែលថា អាមេរិកបានផ្អាកការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន ដោយលោកអះអាងថា ការផ្ដល់ព័ត៌មានចារកម្មមិនដែលត្រូវបានកាត់ផ្ដាច់ឡើយ។ ការបំភ្លឺនេះ ផ្ទុយស្រឡះពីសម្ដីរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលធ្លាប់បានអះអាងថា វ៉ាស៊ីនតោនពិតជាបានផ្អាកការផ្ដល់ព័ត៌មានសម្ងាត់មួយរយៈខ្លីមែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។

ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងសាម៉ាកាន់ (Samarkand) នៃប្រទេសអ៊ូសបេគីស្ថាន លោក រូប៊ីអូ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនដឹងថាគាត់ (ហ្សេលេនស្គី) ទទួលបានរឿងទាំងនេះមកពីណា ឬហេតុអ្វីបានជាគាត់និយាយបែបនេះប្រាប់សារព័ត៌មាននោះទេ។ គ្មានការផ្អាកណាមួយកើតឡើងឡើយ។ អ្វីដែលគាត់គួរផ្ដោត និងអ្វីដែលយើងចង់ឱ្យផ្ដោត គឺការបញ្ចប់សង្គ្រាមនេះ»។ ការឆ្លើយតបរបស់លោក រូប៊ីអូ ធ្វើឡើងបន្ទាប់ពីលោក ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យថា ការចែករំលែកទិន្នន័យចារកម្មធ្លាប់ជួបការរអាក់រអួល ប៉ុន្តែក្រោយមកត្រូវបានបើកដំណើរការឡើងវិញ។

ការបដិសេធនេះ គឺជាការខ្វែងគំនិតគ្នាជាសាធារណៈលើកចុងក្រោយបង្អស់រវាងវ៉ាស៊ីនតោន និងក្រុងកៀវ ចំពេលដែលទំនាក់ទំនងទ្វេភាគីកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ ក្រៅពីរឿងព័ត៌មានសម្ងាត់ លោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទប្រកាន់ថារដ្ឋាភិបាលអាមេរិកនៅពីក្រោយការរឹតត្បិតសមត្ថភាពប្រើប្រាស់ប្រព័ន្ធផ្កាយរណប Starshield របស់ក្រុមហ៊ុន SpaceX សម្រាប់ទប់ទល់នឹងដ្រូន និងមីស៊ីលរុស្ស៊ីផងដែរ ប៉ុន្តែមន្ត្រីអាមេរិកបានច្រានចោលការចោទប្រកាន់នេះដូចគ្នា។

គួរបញ្ជាក់ថា កងទ័ពអ៊ុយក្រែនពឹងផ្អែកស្ទើរតែទាំងស្រុងលើព័ត៌មានចារកម្មរបស់អាមេរិក ដើម្បីប្រកាសអាសន្នជាមុនពីការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់រុស្ស៊ី។ ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថាសហរដ្ឋអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ជាធម្មតាក្ដី ក៏មន្ត្រីអ៊ុយក្រែនមួយចំនួនបានលើកឡើងថា ការវាយប្រហារមួយចំនួនរបស់រុស្ស៊ីនាពេលថ្មីៗនេះ បានកើតឡើងដោយគ្មានការផ្ដល់សញ្ញាព្រមានទុកជាមុននោះឡើយ៕