FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ពិចារណាដាក់ពង្រាយអាវុធយុទ្ធវិធីបន្ថែម និងបើកមេក្រូឃោសនាឡើងវិញនៅព្រំដែន

19-10-2026 19:13

(សេអ៊ូល)៖ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់តាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទនេះថា ក្រុងព្យុងយ៉ាងកំពុងពិចារណាដាក់ពង្រាយមធ្យោបាយវាយប្រហារយុទ្ធវិធីបន្ថែម និងបើកដំណើរការឧបករណ៍បំពងសំឡេងឃោសនាឡើងវិញ នៅតាមព្រំដែនជាប់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។

លោកស្រី គីម យ៉ូជុង បានចោទប្រកាន់កងទ័ពកូរ៉េខាងត្បូងថាជា «អ្នកបង្កាត់ភ្លើងសង្គ្រាម» ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កងទ័ពកូរ៉េខាងជើង តាមរយៈការបាញ់កាំភ្លើងព្រមានដោយកាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងយន្តធុនធ្ងន់។ លោកស្រីបានទម្លាយតួលេខថា ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១៧ ខែតុលា កូរ៉េខាងត្បូងបានចាក់ផ្សាយសារព្រមានតាមមេក្រូបំពងសំឡេងចំនួន ២,៨៧០ លើក និងបានបាញ់កាំភ្លើងព្រមានចំនួន ២០១ គ្រាប់។

ដើម្បីទប់ទល់នឹងស្ថានការណ៍ដ៏តានតឹងនេះ លោកស្រីបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំយោធាកូរ៉េខាងជើងកំពុងពិចារណាដាក់ពង្រាយមធ្យោបាយវាយប្រហារយុទ្ធវិធីបន្ថែមនៅតាមព្រំដែនភាគខាងត្បូង ជាវិធានការបង្ក្រាបទុកជាមុនក្នុងគ្រាមានអាសន្ន ព្រមទាំងពិចារណាបើកឧបករណ៍បំពងសំឡេងឃោសនាឆ្លើយតបទៅកាន់កូរ៉េខាងត្បូងវិញ និងចាត់វិធានការចាំបាច់ដទៃទៀត។

គួរបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសទាំងពីរបានឡើងកម្ដៅជាថ្មី ចាប់តាំងពីក្រុងព្យុងយ៉ាងបានចាប់ផ្តើមពង្រឹងបន្ទាយព្រំដែនកាលពីខែមេសា ឆ្នាំ២០២៤។ កាលពីដើមខែតុលានេះ សេអ៊ូលបានអះអាងថាកូរ៉េខាងជើងបានដាក់ពង្រាយកម្លាំងពលកររហូតដល់ ៧,០០០ នាក់ ដើម្បីកប់មីន និងសង់របងបន្លាលួស ដែលគ្រាប់មីនទាំងនោះបានបង្កការផ្ទុះបណ្តាលឱ្យទាហានកូរ៉េខាងត្បូង ២ នាក់រងរបួសធ្ងន់ កាលពីខែកញ្ញាកន្លងទៅ៕