FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទវិភាគ៖ ការ​រៀបចំឡើង​តាមពេលកំណត់​និងឆ្ពោះទៅ​រក​ភាពថ្មី​ដោយ​ឥត​ឈប់​ឈរ​៖ ពិព័រណ៍​ផលិតផល​នាំចេញនាំចូល​ចិន​ (ពិព័រណ៍ ​Canton ​) បន្ត​សរ​សេរ​រឿង​រ៉ាវ​នៃ​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ

19-10-2026 17:55

(ប៉េកាំង)៖ មនុស្សយន្តរូបរាងមនុស្ស​រាប់មិត្តតាម​រយៈ ​"ក្បាច់គុណ" ​មនុស្សយន្ត​ពាក់ ​exoskeleton ​ដែល​អាចជួយសម្រួល​ដល់​ការ​ដើរ ​វ៉ែនតា ​AI ​ដែលអាច​បកប្រែនិងថតរូប ​។ល។ ​នៅ​ក្នុង​ពិព័រណ៍ផលិតផលនាំចេញនាំចូលចិនលើកទី ​១៤០ ​(ពិព័រណ៍ ​Canton ​)ដែល​កំពុង​រៀបចំ​ឡើង ​ផលិត​ផលឈានមុខ​ជាច្រើន​ដែល​តំណាងឱ្យ​កម្លាំងផលិតកម្មគុណភាពថ្មី​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ព្រមៗគ្នា​ដែលបានក្លាយជា​ការ​បង្ហាញឱ្យ​ឃើញ​ពី​ការរៀបចំធ្វើឡើង​តាម​ពេល​កំណត់​និង​ឆ្ពោះទៅរកភាពថ្មី​ដោយឥតឈប់ឈរ​នៃ​ពិព័រណ៍ ​Canton ​។ ​"ពិព័រណ៍​ផលិត​ផល​នាំចេញនាំចូល​ចិន​បង្ហាញពី​កម្លាំងចលករនៃ​ការជំរុញ​វិទ្យាសាស្ត្រនិង​បច្ចេក​វិទ្យា" ​"ក​សាង​ស្ពាន​សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​អន្តរជាតិ" ​"ពិព័រ​ណ៍ ​Canton ​គឺជាវេទិកាពាណិជ្ជកម្មសកល​ដែលគួរឱ្យជឿទុកចិត្តបំផុត" ​។ល។ ​មតិ​សា​ធា​រណៈ​អន្តរជាតិ​បាននាំគ្នា​វាយតម្លៃ​យ៉ាងផុសផល ​។

ឆ្នាំនេះគឺជាឆ្នាំ​ចាប់ផ្តើម​នៃ​ការ​អនុវត្ត​ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​ហើយ​ក៏​ជា​ខួប​លើក​ទី ​៧០ ​នៃ​ការបង្កើតពិព័រណ៍ ​Canton ​ផងដែរ ​។ ​ក្នុងរយៈពេល ​៧០ ​ឆ្នាំកន្លងមក ​ទំហំ​នៃ​ការ​តាំង​ពិព័រណ៍​Canton ​​ត្រូវ​បាន​ពង្រីក​ពី​ ​៩៦០០ ​ម៉ែត្រក្រឡា​ក្នុង​ពិព័រណ៍ ​Canton ​លើក​ដំបូង​ទៅ​ដល់ ​១,៥៥ ​លាន​ម៉ែត្រក្រឡា​នាពេលបច្ចុប្បន្ន ​ហើយ​ចំនួនពាណិជ្ជករបញ្ជា​ទិញ​បាន​កើនឡើង​ពី ​១២០០ ​នាក់នៅគ្រាដំបូង​ទៅ​ដល់ជាង ​៣០ ​ម៉ឺន​នាក់នៅឆ្នាំនេះ​ដែល​បាន​ក្លា​យ​ជា​ពិព័រណ៍​ពាណិជ្ជកម្មអន្តរជាតិ​ដែល​មានប្រវត្តិសាស្រ្ត​យូរបំផុត ​ទ្រង់ទ្រាយ​ធំ​បំផុត​និង​ទំហំទិញលក់​ច្រើនបំផុត​របស់​ប្រទេសចិន ​ហើយបានក្លាយ​ជា"ពិព័រណ៍​លំដាប់ទីមួយ​របស់​ប្រទេស​ចិន"ដែល​មានឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក ​។

ឆ្លងកាត់រយៈពេល ​៧០​ឆ្នាំ ​ហេតុអ្វីបានជា​ពិព័រណ៍ ​Canton ​អាចរៀបចំឡើង​តាមពេល​កំណត់​និង​ឆ្ពោះទៅ​រក​ភាពថ្មី ​ដោយ​ឥត​ឈប់ឈរ ​? ​លោក ​Wang ​Xiaosong ​សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប្រជាជនចិន​បានថ្លែងថា ​ជាដំបូង​នេះគឺបាន​ទទួ​ល​ផលប្រយោជន៍​ពី​កិច្ចខិតខំប្រឹងប្រែង​របស់ប្រទេសចិន​ក្នុង​ការ​ជំរុញ​នវានុវត្តន៍ផ្នែក​បច្ចេក​វិទ្យា​​និង​ពូនជ្រំការ​អភិវឌ្ឍ​កម្លាំង​ចលករ​ថ្មី ​។ ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ​សហគ្រាស​ចិន​ជា​ច្រើ​ន​បានរួមបញ្ចូល​បណ្តាញអ៊ីនធឺណិត​ឧស្សាហកម្ម​និង​បញ្ញា​សិប្បនិម្មិត​ទៅក្នុង​ខ្សែ​សង្វាក់​ឧស្សា​ហ​កម្ម​ដែល​បានទាក់ទាញ​ពាណិជ្ជករបញ្ជាទិញលើ​ទូទាំង​ពិភព​លោក​ឱ្យ​ចូលរួមក្នុង​ពិ​ព័រ​ណ៍នេះ ​។ ​ក្រៅពីនេះ ​ប្រទេសចិនមានប្រព័ន្ធឧស្សាហកម្មដ៏ពេញ​លេញ​ដែល​ជំរុញ​ឱ្យ​សមិទ្ធ​ផល​នៃ​កម្លាំងផលិតកម្មគុណភាពថ្មី​ត្រូវបាន​ដាក់តាំង​បង្ហាញ​ព្រមៗ​គ្នា​សំដៅ​ជំរុញ​ឱ្យ​"ការ​ផលិតដោយចិន"​ផ្សារ​ភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ​តម្រូវការនៃ​សកល​លោក ​ហើយ​បូក​រួម​ទាំង​ប្រទេសចិន​បាននិងកំពុងប្រកាន់ខ្ជាប់​នូវ​ការ​ពង្រីកការបើក​ទូលាយ​ចំពោះបរទេស​ប្រ​កប​ដោយកម្រិតខ្ពស់​និង​កសាង​វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច​និង​ពាណិជ្ជកម្មអន្តរជាតិ​ដែល​មាន​ស្ថិរភាព​និង​ភាពរលូន​តាមរយៈ​ពិព័រណ៍ ​Canton ​ដែល​បាន​បង្កើត​ឱកាស​ឈ្នះ-​ឈ្នះ​កាន់តែច្រើន​សម្រាប់​ពាណិជ្ជករបញ្ជាទិញ​។

ពិព័រណ៍ ​Canton ​បង្កើតឡើងដោយសារ​ការបើកទូលាយ​និង​មានភាពរុងរឿង​ដោយ​សារ​ភាព​បើក​ទូលាយ​ដែលបាន​ក្លាយ​ជា​បង្អួចដ៏សំខាន់សម្រាប់ពិភពលោក សង្កេតមើល​ប្រ​ទេស​ចិន ​។ ​តាមរយៈបង្អួចនេះ ​សហគមន៍អន្តរជាតិមិនត្រឹមតែបាន​មើលឃើញពី​កម្លាំង​រស់​រវើក​ដ៏ធំធេង​នៃ​សេដ្ឋកិច្ចចិន​និង​ជាសក្ខីភាព​នៃ​ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម​របស់​ប្រ​ទេស​ចិន​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងកាន់តែ​ទទួល​អារម្មណ៍​ពីការប្តេជ្ញាចិត្ត​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ប្រទេស​ចិន​ចំពោះការ​ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក​និង​ឈ្នះ​-​ឈ្នះ​ជាមួយ​ពិភពលោក ​។

ក្នុងបរិបទបច្ចុប្បន្ន​ដែលឯកតោភាគីនិយមនិងគាំពារនិយមបានងើបឡើងវិញ ​ពិព័រណ៍ ​Can​ton ​បានរៀបចំធ្វើឡើង​ជារៀងរាល់ឆ្នាំ​តាម​ពេល​កំណត់ ​វា​បាន​បំពេញបន្ថែម​នូវ​កម្លាំង​ចលករ​សម្រាប់​ជំរុញ​ការកសាងសេដ្ឋកិច្ចពិភពលោក​បែប​បើកចំហ ​។ ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ​ពាណិជ្ជករបញ្ជាទិញ​ជាង ​៣០ ​ម៉ឺននាក់​ដែល​មក​ពី​ប្រទេស​និងតំបន់ជាង ​២២០ ​បាន​ចូល​រួមពិព័រណ៍​តាមពេលកំណត់​ដែលជា​ការផ្តល់​"សំឡេង​គាំទ្រ"​ចំពោះ​ប្រទេសចិន​ដែល​បាន​និងកំពុង​ប្រកាន់ខ្ជាប់ការគោរពតាមពាក្យ​សន្យា​របស់​ខ្លួន ​។

នៅពេលអនាគត ​ស្របពេលដែល​ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​របស់​ប្រទេសចិន​ត្រូវ​បាន​អនុវត្ត​ជាបន្តបន្ទាប់ ​ពិភពលោក​នឹង​ទទួលអារម្មណ៍​កាន់តែជ្រាលជ្រៅ​ពី​ការប្តេជ្ញា​ចិត្ត​របស់​ប្រទេសចិន​ក្នុងការ​ជំរុញការបើកទូលាយចំពោះបរទេសប្រកបដោយ​កម្រិត​ខ្ពស់​និង​ពង្រីក​លំហសហប្រតិបត្តិការឈ្នះ-ឈ្នះផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ​។​ បើ​និយាយ​ក្នុង​ន័យ​នេះ ​ពិព័រណ៍ ​Canton ​នឹងមិនបិទបញ្ចប់ជារៀងរហូត ​ហើយ​នឹង​បន្ត​សរ​សេរ​រឿង​រ៉ាវ​នៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក​និងឈ្នះ-ឈ្នះ៕

វិទ្យុមិត្តភាពកម្ពុជាចិន​