លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
19-10-2026 08:36
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញការគាំទ្រចំពោះលោក Benjamin Netanyahu ខណៈនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះកំពុងប្រឈមមុខនឹងការបោះឆ្នោតដ៏តានតឹងមួយដែលនឹងប្រព្រឹត្តទៅនៅចុងខែតុលានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ក៏បានកោតសរសើរលោក Netanyahu ផងដែរថាជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យម្នាក់របស់អ៉ីស្រាអែល និងជាដៃគូសន្តិភាព ហើយស្ញប់ស្ញែងរូបលោកដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក នៅក្នុងការបើកការវាយប្រហាររួមគ្នាប្រឆាំងនឹងអ៉ីរ៉ង់កាលពីខែកុម្ភៈកន្លងទៅ។ លោក ត្រាំ បានបន្ថែមថាជាសារមួយផ្ញើទៅកាន់ប្រជាជនអ៉ីស្រាអែល លោកផ្ទាល់សង្ឃឹមថាប្រជាជនអ៉ីស្រាអែលនឹងបន្តបោះឆ្នោតគាំទ្រឱ្យលោក Netanyahu បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី។
តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញយល់ថាការគាំទ្ររបស់លោក ត្រាំ មិនមានភាពប្រាកដប្រជាថាអាចនឹងជួយឱ្យលោក Netanyahu និងគណបក្សរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៧ ខែតុលានោះឡើយ ខណៈការគាំទ្ររបស់ប្រជាជនអ៉ីស្រាអែលចំពោះលោក ត្រាំ បានថយចុះនៅចំពោះមុខការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលពាក់ព័ន្ធនឹងអ៉ីរ៉ង់។
ម្យ៉ាងវិញទៀត បើតាមការស្ទង់មតិ មិនមានបេក្ខជនណាម្នាក់ដែលមានជំហានច្បាស់លាស់ឆ្ពោះទៅរកការកាន់អំណាចនោះទេ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលត្រូវបានជ្រើសរើសតាមរយៈការបង្កើតក្រុមចម្រុះមួយនៅក្នុងរដ្ឋសភា ជាជាងត្រូវបានជ្រើសរើសដោយផ្ទាល់ពីប្រជាជន៕



