FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី

18-10-2026 22:47

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកបានបន្តផ្ដល់ព័ត៌មានស៊ើបការណ៍សម្ងាត់សំខាន់ៗដល់អ៊ុយក្រែនឡើងវិញហើយ ដើម្បីជួយការពារប្រទេសពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បន្ទាប់ពីមានការផ្អាកមួយរយៈខ្លី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC លោក ហ្សេលេនស្គី បានឱ្យដឹងថា ការចែករំលែកទិន្នន័យចារកម្មធ្លាប់ជួបការរអាក់រអួល ប៉ុន្តែក្រោយមកបានបើកដំណើរការឡើងវិញ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងពិតជាអរគុណខ្លាំងណាស់ចំពោះរឿងនេះ ហើយឥឡូវនេះប្រព័ន្ធដំណើរការឡើងវិញហើយ»។ កន្លងមក អ៊ុយក្រែនតែងតែពឹងផ្អែកយ៉ាងខ្លាំងលើព័ត៌មានសម្ងាត់របស់អាមេរិក ដើម្បីកំណត់មុខសញ្ញា និងប្រកាសអាសន្នជាមុនពីគ្រាប់មីស៊ីលបាលីស្ទិកល្បឿនលឿន ដែលកងទ័ពរុស្ស៊ីបាញ់ស្រោចស្រពលើបណ្តាទីក្រុងនានារបស់ខ្លួន។

គួរបញ្ជាក់ថា ការបញ្ជាក់របស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីដើមសប្តាហ៍នេះថា វ៉ាស៊ីនតោននៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនដដែល បើទោះបីជាមន្ត្រីក្រុងកៀវមួយចំនួនធ្លាប់បានលើកឡើងថា ការវាយប្រហារមួយចំនួនរបស់រុស្ស៊ីនាពេលថ្មីៗនេះ បានកើតឡើងដោយគ្មានការប្រកាសអាសន្នទុកជាមុនក៏ដោយ៕