FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស

18-10-2026 21:24

(ប៉ារីស)៖ ប្រទេសបារាំង នៅថ្ងៃអាទិត្យនេះ កំពុងប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីអំពើចលាចល និងកុបកម្មដ៏ហិង្សាបំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញ និងសេវាសាធារណៈធ្លាក់ចុះ បានបណ្តាលឱ្យបាតុករម្នាក់ស្លាប់ ប៉ូលិសជាង ៦០០ នាក់រងរបួស និងមនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦។

បាតុកម្មទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដែលមានមនុស្សជាងកន្លះលាននាក់ចូលរួមក្នុងទីក្រុងរាប់សិប បានផ្ទុះទៅជាកុបកម្មហិង្សា ដោយក្រុមជ្រុលនិយមបានដុតបំផ្លាញអគារសាលាក្រុង ប្លន់ហាងទំនិញ វាយបំបែកកញ្ចក់អគារ និងប៉ះទង្គិចជាមួយប៉ូលិស។ នៅទីក្រុងលីម៉ូស (Limoges) ភាគនិរតីប្រទេសបារាំង អគារសាលាក្រុងចំណាស់អាយុកាល ១៤៣ ឆ្នាំ ត្រូវរងការដុតបំផ្លាញស្ទើរទាំងស្រុង ខណៈនៅទូទាំងប្រទេស ហាងទំនិញរាប់រយកន្លែងបានរងការខូចខាត ក្នុងនោះក្រុមហ៊ុនលក់រាយយក្ស Carrefour បញ្ជាក់ថា ហាងរបស់ខ្លួនចំនួន ៥០ កន្លែងបានរងការខូចខាត និង ២០ កន្លែងត្រូវបានគាស់កកាយលួចយកទំនិញ ដែលខាតបង់ទឹកប្រាក់រាប់សិបលានអឺរ៉ូ។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បានឱ្យដឹងថា បាតុករម្នាក់បានស្លាប់ដោយសារគាំងបេះដូងពេលកំពុងតវ៉ាក្នុងរដ្ឋធានីប៉ារីស ប៉ូលិសជាង ៦០០ នាក់រងរបួស និងមនុស្សជាង ២,០០០ នាក់ត្រូវបានឃាត់ខ្លួន។ រដ្ឋាភិបាលបារាំងបានទម្លាក់កំហុសលើក្រុមឆ្វេងនិយមជ្រុល និងក្រុមទុច្ចរិត ដែលបានឆ្លៀតឱកាសបង្កអំពើហិង្សា និងលួចប្លន់ទ្រព្យសម្បត្តិ ខណៈវិមានអេលីហ្សេបានប្រកាសថា ប្រធានាធិបតី លោក Emmanuel Macron នឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិនៅម៉ោង ៨ យប់ថ្ងៃអាទិត្យនេះ ដើម្បីដោះស្រាយវិបត្តិសង្គមដ៏ក្តៅគគុកនេះ។

គួរបញ្ជាក់ថា រលកបាតុកម្មនេះបានផ្តើមចេញពីការតវ៉ារបស់សិស្ស-និស្សិតកាលពីខែមុនជុំវិញបញ្ហាកង្វះគ្រូបង្រៀន និងលក្ខខណ្ឌសិក្សា មុនពេលរីករាលដាលទៅជាការមិនពេញចិត្តទូទាំងសង្គមចំពោះវិសមភាព ការកាត់បន្ថយការចំណាយសាធារណៈ និងការកើនឡើងនៃថ្លៃជីវភាព ដែលកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើលោក Macron មុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ៕