នាយករដ្ឋមន្ត្រីអាល់បានី ថា ការតវ៉ាតាមដងផ្លូវគំរាមកំហែងដល់ការចូលជាសមាជិក EU មិនមែនរដ្ឋាភិបាលឡើយ
18-10-2026 21:10
(ទីរ៉ាណា)៖ នាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama នៅថ្ងៃអាទិត្យនេះ បានទាត់ចោលការទាមទារឱ្យលោកចុះចេញពីតំណែង ដោយបញ្ជាក់ថា ការតវ៉ាតាមដងផ្លូវដែលឈានដល់ថ្ងៃទី៦ មិនមែនជាការគំរាមកំហែងដល់រដ្ឋាភិបាលទេ ប៉ុន្តែជាការគំរាមកំហែងដល់ក្តីសង្ឃឹមរបស់អាល់បានីក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប (EU)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦។
បាតុកម្មដឹកនាំដោយនិស្សិតប្រឆាំងអំពើពុករលួយ កង្វះការងារ និងបញ្ហាអប់រំ បានផ្ទុះហិង្សាក្នុងរដ្ឋធានីទីរ៉ាណា (Tirana) ដោយក្រុមបាតុករបានដុតបំផ្លាញអគាររដ្ឋ ធនាគារ និងគប់ដុំថ្មលើប៉ូលិស ដែលបង្ខំឱ្យសមត្ថកិច្ចបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកដើម្បីបំបែកហ្វូងមនុស្ស ខណៈមនុស្ស ៣៨៨ នាក់ត្រូវរងការចោទប្រកាន់។ ថ្លែងតាមបណ្តាញសង្គម Facebook លោក Rama បានសង្កត់ធ្ងន់ថា៖ «ប្រជាជនអាល់បានីត្រូវគិតឱ្យច្បាស់ តើពួកគេចង់បានការបំផ្លិចបំផ្លាញ ឬចង់បានការចូលជាសមាជិក EU?» ព្រមទាំងបានចោទប្រកាន់ថាមាន «ដៃទីបីពីបរទេស» នៅពីក្រោយការញុះញង់នេះ។
គួរបញ្ជាក់ថា អាល់បានីកំពុងនាំមុខគេក្នុងតំបន់បាល់កង់ក្នុងដំណើរការចរចាចូលជាសមាជិកសហភាពអឺរ៉ុបនៅត្រឹមឆ្នាំ២០៣០ ខណៈស្ថានទូតអាមេរិកប្រចាំរដ្ឋធានីទីរ៉ាណា បានអំពាវនាវឱ្យក្រុមបាតុករចៀសវាងអំពើហិង្សា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ៕
