ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
18-10-2026 13:26
(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ កាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលើកលែងការអនុវត្តទណ្ឌកម្មនិងពន្ធគយដ៏ទូលំទូលាយថ្មីលើរុស្ស៊ី នឹងជាការផ្អាកបណ្តោះអាសន្នរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់នៃវិធានការទាំងនេះ ចំពោះសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Rubio បានអះអាងដូច្នេះថា «លោកប្រធានាធិបតី ចង់ប្រើរយៈពេល ៦០ថ្ងៃនេះ ដើម្បីវិភាគថា តើការដាក់ចេញទាំងទណ្ឌកម្មនិងពន្ធគយ នឹងមានន័យយ៉ាងណា ចំពោះសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផ្ទាល់»។ លោកបានកត់សម្គាល់ថា ការរឹតបន្តឹងសេដ្ឋកិច្ចទាំងនេះ ក៏ពាក់ព័ន្ធនឹងប្រទេសជាច្រើនទៀតដែរ មិនមែនតែរុស្ស៊ីប៉ុណ្ណោះទេ។
លោកប្រមុខការទូតអាមេរិក បានបន្តថា ជម្លោះនានាកំពុងជះឥទ្ធិពលដល់តម្លៃថាមពលពិភពលោក រួមទាំងសង្គ្រាមរបស់អាមេរិកជាមួយអ៉ីរ៉ង់ និងការវាយប្រហាររបស់ក្រុមហ៊ូទីនៃប្រទេសយេម៉ែន លើអារ៉ាប៊ីសាអូឌីត។ លោក Rubio បានលើកឡើងថា «ជម្លោះនៅជុំវិញពិភពលោកទាំងនេះ កំពុងចាប់ផ្តើមច្របល់ចូលគ្នា ហើយវាកំពុងជះឥទ្ធិពលមិនត្រឹមតែលើតម្លៃប្រេងនិងម៉ាស៊ូត នៅលើទីផ្សារពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើ សេដ្ឋកិច្ចសកលជារួមផងដែរ»។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បាននិយាយថា ការសម្រេចចិត្តរបស់លោក នឹងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើលោកបានសម្រេចចិត្តចុងក្រោយលើបញ្ហានេះរួចហើយឬនៅ។
គួរបញ្ជាក់ថា សមាជិកសភាអាមេរិកមកពីគណបក្សទាំងពីរ បានរិះគន់លោក ត្រាំ យ៉ាងខ្លាំង បន្ទាប់ពីលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃសុក្រ ដើម្បីលើកលែងការអនុវត្តទណ្ឌកម្មនិងពន្ធគយថ្មី ដែលមានគោលដៅលើរុស្ស៊ី។ វិធានការទាំងនេះ ត្រូវបានអនុម័តដោយសភាអាមេរិក កាលពីខែកញ្ញា ហើយលោក ត្រាំ ផ្ទាល់ ក៏បានចុះហត្ថលេខាដែរ៕
