នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
18-10-2026 11:54
(ប៉ារីស)៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមអ្នកតវ៉ា និងប៉ូលិសបានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង ចំពេលមានបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយក្នុងជីវភាពរស់នៅ និងការធ្លាក់ចុះគុណភាពនៃសេវាសាធារណៈ ជាហេតុនាំឱ្យមនុស្សជាង១០០០នាក់ ត្រូវបានឃាត់ខ្លួន ហើយប៉ូលិសជាច្រើននាក់ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ខណៈដែលមនុស្សរាប់សែននាក់ បានចូលរួមដើរហែក្បួនតាមដងផ្លូវដោយសន្តិវិធី អ្នកតវ៉ាមួយចំនួនត្រូវបានគេឃើញ ដុតបំផ្លាញទ្រព្យសម្បត្តិ លួចទំនិញពីហាង និងធ្វើឱ្យខូចខាតអគារសាធារណៈ។ នាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu បាននិយាយថា មន្ត្រីប៉ូលិសជាង ១៥០នាក់បានរងរបួស ហើយមនុស្សប្រហែល ១២០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងការតវ៉ា។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nuñez មនុស្សសរុបប្រមាណ ៥៥០ ០០០នាក់ បានចូលរួមក្នុងសកម្មភាពបាតុកម្មខាងលើ ក្នុងនោះរួមទាំងការតវ៉ាមួយនៅទីក្រុងប៉ារីស ដែលមានអ្នកចូលរួម ១១០ ០០០នាក់។ រីឯក្រុមអ្នករៀបចំបាតុកម្ម បានអះអាងថា មានអ្នកចូលរួមសរុប រហូតដល់ជាង ៨០០ ០០០នាក់នៅទូទាំងប្រទេស។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្តេជ្ញាថា នឹងចាត់វិធានការផ្លូវច្បាប់ ហើយដាក់ទោស អ្នកទាំងឡាយដែលប្រព្រឹត្តអំពើហិង្សា៕





