FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត

18-10-2026 11:06

(បុរីវ៉ាទីកង់)៖ សម្តេចប៉ាប Leo XIV កាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ បានចាកចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅដល់បុរីវ៉ាទីកង់វិញហើយ ៤ថ្ងៃបន្ទាប់ពីសម្តេចទទួលការវះកាត់ជំងឺមហារីកសួត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មិនយូរប៉ុន្មានក្រោយចាកចេញពីមន្ទីរពេទ្យ រថយន្តប្រភេទ SUV ពណ៌ខ្មៅរបស់សម្តេចប៉ាប ត្រូវបានគេឃើញបើកចូលបុរីវ៉ាទីកង់ តាមច្រកចូលចំហៀង។ ការអនុញ្ញាតឱ្យសម្តេចប៉ាប ចេញពីមន្ទីរពេទ្យវិញនេះ បានបិទបញ្ចប់ភាពមិនច្បាស់លាស់អស់រយៈពេលប៉ុន្មានថ្ងៃ ដែលបានធ្វើឱ្យបុរីវ៉ាទីកង់ ក៏ដូចជាសាសនិកគ្រិស្តកាតូលិក ប្រមាណ១,៤ពាន់លាននាក់នៅទូទាំងពិភពលោក មានការព្រួយបារម្ភ ខណៈសម្តេចទើបតែបានចូលកាន់តំណែង បានរយៈពេលមិនដល់២ឆ្នាំ នោះឡើយ។ សម្តេចប៉ាប ដែលវ័យ៧១ព្រះវស្សា បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ Gemelli ដែលស្ថិតនៅភាគខាងជើងនៃបុរីវ៉ាទីកង់ ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះ នៅពេលក្រុមគ្រូពេទ្យបានវះកាត់យកផ្នែកខាងក្រោមនៃសួតខាងស្តាំរបស់សម្តេចចេញ ដើម្បីយកដុំសាច់មហារីកចេញ។

គួរបញ្ជាក់ថា សម្តេចប៉ាប Leo បានចាប់ផ្តើមបំពេញការងារមួយចំនួនឡើងវិញជាបណ្តើរៗ ដោយបានទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន​ កាលពីថ្ងៃសុក្រ ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅទីក្រុង Oleshky ក្នុងប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី។ ទោះជាយ៉ាងណា អ្វីដែលមិនទាន់ច្បាស់ គឺគម្រោងបំពេញទស្សនកិច្ចទៅកាន់តំបន់អាមេរិកខាងត្បូង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ ក្នុងដំណើរទស្សនកិច្ចនោះ សម្តេចប៉ាប Leo គ្រោងនឹងទៅកាន់ប្រទេសអ៊ុយរូហ្កាយ អាហ្សង់ទីន និងប៉េរូ ជាទីដែលសម្តេចធ្លាប់បំពេញបេសកកម្មសាសនា អស់រយៈពេល២ទសវត្សរ៍៕