FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី រិះគន់ថា ការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក នឹងបើកដៃឱ្យរុស្ស៉ីបង្កើនការវាយប្រហារកាន់តែខ្លាំង

18-10-2026 10:06

(កៀវ)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទណ្ឌកម្ម និងពន្ធគយលើប្រទេសរុស្ស៊ី ត្រឹមប៉ុន្មានថ្ងៃ មុនពេលវិធានការទាំងនេះ ត្រូវចូលជាធរមាន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសរសេរនៅលើបណ្ដាញសង្គម កាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ថា ការសម្រេចនេះ គឺជារឿងខុសមួយ ដែលនឹងផ្តល់ភាពធូរស្រាលបន្ថែមដល់រុស្ស៊ី និងនាំឱ្យរុស្ស៊ីបង្កើនការឈ្លានពានថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

បទបញ្ជាប្រតិបត្តិដែលលោក ត្រាំ ដាក់ចេញកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ បានលើកលែងទណ្ឌកម្ម និងពន្ធគយសំខាន់ៗ ដែលពាក់ព័ន្ធនឹងរុស្ស៊ី រួមទាំងពន្ធលើទំនិញរបស់រុស្ស៊ី និងទណ្ឌកម្មលើការទិញប្រេងនិងឧស្ម័នរបស់ទីក្រុងមូស្គូ។ វិធានការទាំងនេះ គ្រោងនឹងចូលជាធរមាន នៅសប្ដាហ៍ក្រោយ ក្រោមច្បាប់ Graham Act ដែលលោក ត្រាំ បានចុះហត្ថលេខាកាលពីខែមុន។ លោក ត្រាំ បាននិយាយថា ការលើកលែងនេះ គឺដើម្បីផលប្រយោជន៍ជាតិ របស់សហរដ្ឋអាមេរិក។

ច្បាប់ខាងលើ មានគោលបំណងបង្កើនសម្ពាធចំពោះរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ដែលបានចាប់ផ្ដើមក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណា លោក ត្រាំ កំពុងបង្ហាញជំហរកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូ ខណៈដែលលោកបានរិះគន់ជាសាធារណៈ ចំពោះលោក ហ្សេឡេនស្គី រួមទាំងបានលើកឡើងថា អ៊ុយក្រែនត្រូវការមេដឹកនាំថ្មី ថែមទៀតផង។

លោក ហ្សេឡេនស្គី បាននិយាយថា សកម្មភាពថ្មីចុងក្រោយនេះរបស់លោក ត្រាំ នឹងធ្វើឱ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាន់តែបានចិត្ត និងជំរុញឱ្យរុស្ស៊ីបើកការវាយប្រហារបន្ថែមទៀត។ លោកបានលើកឡើងដូច្នេះថា «វានឹងធ្វើឱ្យពួកគេកាន់តែបានចិត្ត ហើយបំពេញបំណងចង់បន្តសម្លាប់មនុស្ស របស់ពួកគេតែប៉ុណ្ណោះ»។ បើតាមលោក ហ្សេលេនស្គី កាលពីថ្ងៃសុក្រ រុស្ស៊ីបានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពល ជាង ១៥កន្លែងនៅអ៊ុយក្រែន។មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានចោទប្រកាន់រុស្ស៊ីដែរថា កំពុងរៀបចំបង្កើនការវាយប្រហារនៅភាគខាងលិចអ៊ុយក្រែន៕