FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ

17-10-2026 22:37

(ប៉ារីស)៖ នៅថ្ងៃសៅរ៍នេះ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប៉ូលិស និងក្រុមអ្នកតវ៉ានៅតាមទីក្រុងនានាទូទាំងប្រទេសបារាំង ខណៈដែលមានមនុស្សរាប់ម៉ឺននាក់ចេញដើរតាមដងផ្លូវក្លាយជាការតវ៉ាដ៏ហិង្សាមួយ​ដោយសារតែបញ្ហាកើនឡើងថ្លៃចំណាយ និងការធ្លាក់ចុះនៃគុណភាពសេវាសាធារណៈ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងមហាផ្ទៃបារាំង បានឱ្យដឹងថា មនុស្សប្រហែល ២៧២នាក់ត្រូវបានចាប់ខ្លួន គិតត្រឹមរសៀលនេះ បន្ទាប់ពីមានករណីហិង្សាដែលពាក់ព័ន្ធបុគ្គលពាក់ម៉ាស់បិទមុខ។ ហេតុការណ៍ទាំងនេះបានកើតឡើងនៅតាមទីក្រុងមួយចំនួន រួមមានទីក្រុងប៉ារីស,​ Marseille,​ Rennes,​ Toulouse និង​ Angers។ នៅឯទីក្រុង Lyon ក្រុមអ្នកតវ៉ាក៏បានដុតការិយាល័យទេសចរណ៍មួយកន្លែង។

ការតវ៉ាបានចាប់ផ្តើមកាលពីខែមុន នៅតាមវិទ្យាល័យនានាក្នុងតំបន់ជាយក្រុងភាគខាងជើងនៃទីក្រុងប៉ារីស។ នៅទីនោះ ការខឹងសម្បារចំពោះកង្វះខាតគ្រូបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធសាលារៀនចាស់ទ្រុឌទ្រោម បានវិវត្តទៅជាចលនាតវ៉ាកាន់តែធំ ដោយផ្តោតលើបញ្ហាវិសមភាព ការចំណាយសាធារណៈ និងកម្រិតជីវភាពរស់នៅ។

ប៉ូលិសជាច្រើនកំពុងស្ថិតនៅកណ្តាលទីក្រុងប៉ារីស ជាពិសេសនៅជិតទីតាំងសំខាន់ៗដូចជា Champs-Elysees និង Arc de Triomphe ដែលត្រូវបានដកចេញពីផ្លូវសម្រាប់ធ្វើបាតុកម្មចំនួនពីរដែលទទួលបានការអនុញ្ញាត។ ក្រុមអ្នកតវ៉ាដែលពាក់អាវកាក់ចំណាំងផ្លាតធ្វើឱ្យគេនឹកឃើញដល់ចលនា «អាវពណ៌លឿង» (Yellow Vest) ដែលធ្លាប់កើតឡើងក្នុងអាណត្តិមុនរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។

លោក ម៉ាក្រុង បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់កាលពីថ្ងៃសុក្រ។ កិច្ចខិតខំប្រឹងប្រែងរបស់បារាំងក្នុងការកាត់បន្ថយបំណុលសាធារណៈ មិនបានធ្វើឱ្យវិនិយោគិនមានទំនុកចិត្តនោះទេ ដែលជំរុញឱ្យថ្លៃដើមនៃការខ្ចីប្រាក់របស់រដ្ឋាភិបាលកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ៕