FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការវាយប្រហារលេីរោងចក្រដែកថែបរបស់អ៊ុយក្រែន

17-10-2026 21:18

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា បានឱ្យដឹងថាមា​នការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់ទៅលើគោលដៅហេដ្ឋារចនាសម្ព័ន្ធនានារបស់អ៊ុយក្រែន រួមទាំងរោងចក្រផលិតដែកថែបដ៏ធំបំផុតរបស់ប្រទេសនេះដែលស្ថិតនៅក្នុងទីក្រុង Kryvyi Rih។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

រោងចក្រនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្នាតយក្សផលិតដែកថែប ArcelorMittal ដែលបានផ្អាកប្រតិបត្តិការនៅក្នុងខែកញ្ញា បន្ទាប់ក្រោយការវាយប្រហារជាបន្តបន្ទាប់ដោយប្រើមីស៉ីលបាលីស្ទីគរបស់រុស្ស៉ី។

នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងបញ្ជាក់ថា រោងចក្រនេះបានផ្គត់ផ្គង់ផលិតផលដែកដល់វិស័យឧស្សាហកម្មយោធារបស់អ៊ុយក្រែន។ តាមសេចក្តីថ្លែងការណ៍ កងកម្លាំងរុស្ស៉ីក៏បានវាយប្រហារទៅលើស្ថានីយអគ្គិសនីមួយកន្លែងនៅក្នុងទីក្រុង Zhytomyr ភាគពាយ័ព្យ និងរោងចក្រដែកមួយកន្លែងទៀតនៅក្នុងទីក្រុង Zaporizhzhia ដែលជាទីក្រុងមួយស្ថិតនៅជិតតំបន់ជួរមុខ។

នាវាដឹកទំនិញមួយគ្រឿងនៅក្នុងសមុទ្រខ្មៅក៏ត្រូវបានវាយប្រហារផងដែរ ដោយនាវានេះកំពុងដឹកជញ្ជូនសម្ភារយោធាទៅកាន់កំពង់ផែ Odesa របស់អ៊ុយក្រែន។ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យសេចក្តីថ្លែងការណ៍នេះបានទេ ខណៈមិនទាន់មានការបញ្ជាក់ពីអ៊ុយក្រែន៕