រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ (Video inside)
17-10-2026 16:36
(មូស្គូ)៖ បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីផ្អាកការអនុវត្តការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៉ីគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលលើកលែងការដាក់ទណ្ឌមកម្ម និងការដំឡើងពន្ធគយដែលមានគោលដៅលើចំណូលរបស់រុស្ស៉ីពីវិស័យថាមពល តែ២ថ្ងៃ ប៉ុណ្ណោះមុននឹងទណ្ឌកម្មនេះត្រូវចូលជាធរមាន។ ការសម្រេចចិត្តរបស់លោក ត្រាំ ផងដែរកើតមានឡើងចំពេលមានជម្លោះការទូតជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្ទាប់ពី លោក ត្រាំ ប្រកាសពីការឈានដល់កិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីលោក ពូទីន។ «ការសម្រេចចិត្តផ្អាកការអនុវត្តច្បាប់ Graham Act គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្ត្រមួយ»។ នេះជាការលើកឡើងរបស់បេសកជនពិសេសរបស់លោក ពូទីន គឺលោក Kirill Dmitriev នៅលើបណ្ដាញទំនាក់ទំនងសង្គម។
Lindsey Graham Act ជាច្បាប់មួយដែលយកឈ្មោះតាមអតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham អនុញ្ញាតឱ្យលោក ត្រាំ អាចដំឡើងពន្ធគយដល់ទៅ ១០០ភាគរយលើបណ្ដាប្រទេសដែលទិញប្រេង និងឧស្ម័នពីរុស្ស៉ី។ ច្បាប់នេះមានគោលដៅលើវិស័យថាមពល និងការពារជាតិរបស់រុស្ស៉ី ព្រមទាំងប្រធានាធិបតីរុស្ស៉ី លោក ពូទីន មន្ត្រីជាន់ខ្ពស់រុស្ស៉ីដទៃទៀត និងកងនាវាខ្មោចដែលមូស្គូប្រើប្រាស់ដើម្បីដឹកប្រេងគេចចេញពីទណ្ឌកម្មលោកខាងលិច៕
